ព័ត៌មានអន្តរជាតិ

អ្នកទេសចរប្រគល់គ្រួស ១៤ គីឡូក្រាម ដែលយកចេញពី កោះកូតូ របស់ប្រទេសវៀតណាម កាលពីមួយទសវត្សរ៍មុន

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកទេសចរម្នាក់មកពីហាឡុង បានប្រគល់គ្រួសចំនួន ១៤ គីឡូក្រាមដែលយក ចេញពីឆ្នេរ Mong Rong នៅលើកោះកូតូភាគខាងជើង ប្រទេសវៀតណាម កាលពី ១០ ឆ្នាំមុន រួមជាមួយនឹងការសុំទោស ដែលសរសេរដោយដៃ។

លោក Nguyen Hai Linh ប្រធាននាយកដ្ឋានវប្បធម៌ និងព័ត៌មានកូតូ បានបញ្ជាក់នៅថ្ងៃទី ១៧ ខែវិច្ឆិកាថា លោកបានទទួលកញ្ចប់មួយពីអ្នកផ្ញើម្នាក់ឈ្មោះ Vu Nguyen ។ កញ្ចប់នោះមានគ្រួសទំហំផ្សេងៗគ្នា សំបុត្រមួយ និងប្រាក់ ១០០,០០០ ដុង ដើម្បីទូទាត់ថ្លៃដឹកជញ្ជូន ។

លិខិតនោះ អ្នកទេសចរបានពន្យល់ថា ថ្មទាំងនោះត្រូវបានប្រមូលក្នុងអំឡុង ពេលធ្វើដំណើរទៅកាន់ឆ្នេរ Mong Rong រវាងឆ្នាំ ២០១៥ និង ២០១៨ ដោយសារតែសម្រស់ និងភាពប្លែករបស់វា។ លិខិតនោះបានសរសេរថា បន្ទាប់ពីបានសិក្សាអំពីការអភិរក្សសមុទ្រ និងដឹងពីការខូចខាតដែលបង្កឡើង ខ្ញុំបានសម្រេចចិត្តប្រគល់វាមកវិញ។

ខ្ញុំបានបំផ្លាញសម្រស់ដ៏បរិសុទ្ធនៃកោះនេះ ហើយ ខ្ញុំសូមអភ័យទោស ហើយសង្ឃឹមថាថ្មទាំងនេះ នឹងត្រូវបានប្រគល់ ជូនទៅទីតាំងដើមរបស់វាវិញ ។ លោក Linh បានកត់សម្គាល់ថា នេះជាឧទាហរណ៍ដំបូងក្នុងរយៈ ពេលជាច្រើនឆ្នាំដែល វត្ថុបុរាណធម្មជាតិ ត្រូវបានប្រគល់ជូន ដោយស្ម័គ្រចិត្ត ដោយអ្នកទេសចរ។

លោកបានបន្ថែមថា សកម្មភាពនេះ មានតម្លៃណាស់ ដែលបង្ហាញថា ការយល់ដឹង អំពីទេសចរណ៍ដែលមាន ទំនួលខុសត្រូវកំពុងមានភាពប្រសើរឡើង ដោយបន្ថែមថា ថ្មទាំងនោះនឹងត្រូវដាក់នៅលើឆ្នេរខ្សាច់វិញក្នុងពេលឆាប់ៗនេះ។

នាយកដ្ឋានបានរំលឹកអ្នកទស្សនា កុំឲ្យយកថ្ម ផ្កាថ្ម ឬជីវិតសមុទ្រធ្វើជាវត្ថុអនុស្សាវរីយ៍ ដោយព្រមានថាសកម្មភាព បែបនេះអាចបំផ្លាញទម្រង់ភូគព្ភសាស្ត្រ និងប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ៕

Most Popular

To Top