កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុនផលិតធំៗផ្សេងទៀត របស់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ បានបង្ហាញផែនការ វិនិយោគក្នុងស្រុក ខណៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អាមេរិក បានបង្កើនការព្រួយ បារម្ភថាការវិនិយោគនៅអាមេរិក អាចធ្វើឲ្យផលិតកម្ម ក្នុងស្រុកចុះខ្សោយ។
នេះបើយោងតាមក្រុមហ៊ុនថា ក្រុមហ៊ុន Samsung Electronics នឹងបន្ថែមខ្សែសង្វាក់ ផលិតកម្មបន្ទះឈីប នៅរោងចក្ររបស់ខ្លួននៅទីក្រុង Pyeongtaek ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញតម្រូវការកើនឡើង ចំពេលមានការរីកចម្រើនជាសកលនៃបញ្ញាសិប្បនិម្មិត ដែលជាផ្នែកមួយ នៃការវិនិយោគចំនួន ៤៥០ ពាន់ពាន់លានវ៉ុន (៣១០.៧៩ ពាន់លានដុល្លារអាមេរិក) របស់ក្រុមហ៊ុនមេ ក្នុងស្រុករយៈពេល ៥ ឆ្នាំខាងមុខ ។
ការប្រកាសរបស់ក្រុមហ៊ុន Samsung បានកើតឡើងនៅពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យ ជាមួយថ្នាក់ដឹកនាំធុរកិច្ចរបស់ប្រទេស បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់អាមេរិក រួមទាំងការសន្យា របស់កូរ៉េខាងត្បូងក្នុងការវិនិយោគចំនួន ៣៥០ ពាន់លានដុល្លារនៅវិស័យយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ត្រូវបានបញ្ចប់នៅថ្ងៃសុក្រ។
លោក Lee បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនេះ ខណៈលោកបានស្នើសុំឲ្យក្រុមហ៊ុន នានាពិចារណាលើការវិនិយោគ ក្នុងស្រុកបន្ថែមទៀត មានការព្រួយបារម្ភថា ការវិនិយោគក្នុងស្រុកអាចនឹងថយចុះ ខណៈការវិនិយោគ ដែលមានមូលដ្ឋាន នៅអាមេរិកកាន់តែរឹងមាំ ។ លោកប្រធានាធិបតីក៏បានស្នើសុំ ឲ្យក្រុមហ៊ុននានាពិគ្រោះយោបល់ ជាមួយរដ្ឋាភិបាល ដើម្បីប្រើប្រាស់កញ្ចប់វិនិយោគចំនួន ៣៥០ ពាន់លានដុល្លារសម្រាប់ការវិនិយោគ នៅក្រៅប្រទេសរបស់ពួកគេ៕
