ស៊ីដនី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Meta បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកប្រើប្រាស់ជនជាតិអូស្ត្រាលី ដែលមានអាយុក្រោម ១៦ ឆ្នាំនឹងត្រូវដកចេញពីបណ្តាញសង្គម Facebook និង Instagram នៅថ្ងៃទី ៤ ខែធ្នូ ខណៈទីក្រុង Canberra កំពុងរៀបចំអនុវត្តច្បាប់ ដ៏ទូលំទូលាយដែលហាមឃាត់ ក្មេងជំទង់ពីប្រព័ន្ធផ្សព្វផ្សាយសង្គម យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។
ចាប់ពីថ្ងៃទី ១០ ខែធ្នូ ប្រទេសអូស្ត្រាលីនឹងបង្ខំឲ្យវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងបណ្តាញសង្គម Facebook បណ្តាញសង្គម Instagram និងបណ្តាញសង្គម TikTok ដកអ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំ ឬប្រឈមមុខនឹងការ ពិន័យយ៉ាងធ្ងន់ធ្ងរ។
Meta បាននិយាយថា ខ្លួននឹងចាប់ផ្តើមដកក្មេងជំទង់ចេញពីវេទិការបស់ខ្លួនមុនពេលការហាមឃាត់ចូលជាធរមាន។ Meta បាននិយាយក្នុងសេចក្តីថ្លែងការណ៍ មួយថា ចាប់ពីថ្ងៃនេះតទៅ Meta នឹងជូនដំណឹងដល់អ្នកប្រើប្រាស់ អូស្ត្រាលីដែលខ្លួនយល់ថាមានអាយុពី ១៣-១៥ ឆ្នាំថា ពួកគេនឹងបាត់បង់សិទ្ធិចូលប្រើបណ្តាញសង្គម Instagram បណ្តាញសង្គម Threads និងបណ្តាញសង្គម Facebook។
Meta នឹងចាប់ផ្តើមរារាំងគណនីថ្មីអាយុក្រោម ១៦ ឆ្នាំ និងដកហូតសិទ្ធិចូលប្រើដែលមានស្រាប់ចាប់ពីថ្ងៃទី ៤ ខែធ្នូ ដោយរំពឹងថានឹងដកអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំទាំងអស់ចេញនៅថ្ងៃទី ១០ ខែធ្នូ។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា មានអ្នកប្រើប្រាស់បណ្តាញសង្គម Instagram ប្រហែល ៣៥០,០០០ នាក់ដែលមានអាយុចន្លោះពី ១៣-១៥ ឆ្នាំក្នុងប្រទេសអូស្ត្រាលី និងគណនី Facebook ប្រហែល ១៥០,០០០ គណនី។
ក្រុមហ៊ុន Meta បានចាប់ផ្តើមព្រមានអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ថា ពួកគេនឹងត្រូវចាក់សោរក្នុងពេលឆាប់ៗនេះ។
សារមួយបានផ្ញើទៅកាន់អ្នកប្រើប្រាស់ ដែលរងផលប៉ះពាល់បានសរសេរថា ឆាប់ៗនេះ អ្នកនឹងលែងអាចប្រើប្រាស់ បណ្តាញសង្គម Facebook បានទេ ហើយប្រវត្តិរូបរបស់អ្នកនឹងមើលមិនឃើញដោយអ្នក ឬអ្នកដទៃ។ នៅពេលអ្នកមានអាយុ ១៦ ឆ្នាំ យើងនឹងប្រាប់អ្នកថា អ្នកអាចចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គម Facebook ម្តងទៀតបាន។
ក្រុមហ៊ុន Meta បានប្រាប់ពួកគេថា ក្មេងជំទង់នឹងអាចចូលប្រើគណនី របស់ពួកគេ “ដូច ដែលអ្នកបានចាកចេញ” នៅពេលពួកគេមានអាយុ ១៦ ឆ្នាំ ។ គណនីត្រូវបានសម្គាល់ដោយកំហុស អាចផ្ទៀងផ្ទាត់ អាយុរបស់ពួកគេដោយប្រើ “វីដេអូ Selfie” ឬដោយផ្តល់អត្តសញ្ញាណប័ណ្ណ ដែលចេញដោយរដ្ឋាភិបាល៕
