តូក្យូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា បុរសជនជាតិជប៉ុន ២ នាក់ត្រូវបានចាប់ខ្លួននៅដើមសប្តាហ៍នេះ ដោយសង្ស័យថា បានរត់ពន្ធមាសប្រហែលមួយតោន ដែលមានតម្លៃប្រហែល១០.៨ ពាន់លានយ៉េន (៦៩លានដុល្លារ) ពីប្រទេសកូរ៉េខាងត្បូង ទៅកាន់ប្រទេសជប៉ុន ដោយគេចវេសពន្ធប្រើប្រាស់ និងរកប្រាក់ចំណេញពីការលក់ក្នុងស្រុក នេះបើយោងតាមប៉ូលីសកាលពីថ្ងៃសុក្រ។
នេះបើយោងតាមប៉ូលីស បាននិយាយថា លោក Jin Tateno អាយុ ៥៣ ឆ្នាំ ជាអ្នករស់នៅ Narashino ខេត្ត Chiba និងលោក Jun Sakurai អាយុ ៤៥ ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុនមកពី Ichikawa ក្នុងខេត្តនេះ ត្រូវបានគេជឿថា បានធ្វើដំណើរប្រហែល ២០០ ដងទៅកាន់ប្រទេសកូរ៉េខាងត្បូងរវាងឆ្នាំ ២០២៣ និង ២០២៤ ដើម្បីរត់ពន្ធមាស និងលក់វានៅប្រទេសជប៉ុនក្នុងប្រតិបត្តិការប្រហែល ១៥០ ដង។
អ្នកទាំង ២ ត្រូវបានចាប់ខ្លួននៅថ្ងៃពុធ ដោយលោក Tateno ត្រូវបានគេជឿថា បានរត់ពន្ធមាសប្រហែល ៤ គីឡូក្រាមឆ្លងកាត់អាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ដោយគេចវេសពន្ធប្រើប្រាស់សរុបចំនួន ៤.៦៨ លានយ៉េន។ ទន្ទឹមនឹងនេះ Sakurai ត្រូវបានគេសង្ស័យថាបានព្យាយាមគេចវេសពន្ធប្រើប្រាស់ប្រហែល ១០ លានយ៉េន ដោយការរត់ពន្ធមាសប្រហែល ៩ គីឡូក្រាមនៅថ្ងៃបន្ទាប់ ដែលត្រូវបានរកឃើញដោយមន្ត្រីគយម្នាក់។
លោក Tateno ត្រូវបានគេរាយការណ៍ថា បានប្រាប់អ្នកស៊ើបអង្កេតថា លោកមិនមានបំណងរត់ពន្ធទេ ខណៈលោក Sakurai ត្រូវបានគេរាយការណ៍ថាបាននិយាយថាលោក Tateno បានសុំឲ្យគាត់រត់ពន្ធ។ ករណីនេះបានលេចចេញជារូបរាងបន្ទាប់ពីថង់មួយដែលមានមាសត្រូវបានប្រគល់នៅអាកាសយានដ្ឋាន។ លោក Tateno បានសាកសួរនៅស្ថានីយ៍ប៉ូលីសនៅអាកាសយានដ្ឋាន ដោយនិយាយថាគាត់បានបាត់បង់មាសរបស់គាត់។
ករណីរត់ពន្ធមាសបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលតម្រូវការសម្រាប់ទ្រព្យសម្បត្តិដែលមានសុវត្ថិភាពកើនឡើងក្នុងចំណោមភាពមិនប្រាកដប្រជាជាសកល៕
