ព័ត៌មានអន្តរជាតិ

ហាងកាហ្វេ Café Amazon ដែលជាហាងកាហ្វេធំជាងគេរបស់ប្រទេសថៃ ត្រូវបានបិទហាងទាំងអស់នៅទូទាំងវៀតណាម

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ហាងកាហ្វេ Café Amazon ដែលជាហាងកាហ្វេធំជាងគេនៅប្រទេសថៃ បានបិទហាងទាំង ១២ ក្នុងប្រទេសវៀតណាម បន្ទាប់ពីបើកបាន ៥ឆ្នាំ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្រអាជីវកម្ម។

អ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់បានបញ្ជាក់ប្រាប់ VnExpress ថា ហាងទាំងអស់បានឈប់បម្រើអតិថិជននៅសប្តាហ៍នេះ។ ហាង Café Amazon នៅទីក្រុងហូជីមិញ បានដកផ្លាកសញ្ញាចេញ ប្រគល់កន្លែងជួលមកវិញ និងនៅទីតាំងខ្លះត្រូវបានជំនួសដោយអ្នកជួលថ្មី។ នៅលើវេទិកាឌីជីថល ទំព័រអ្នកគាំទ្រវៀតណាមរបស់ម៉ាកយីហោក៏បានបង្ហោះសារដោយស្វ័យប្រវត្តិបញ្ជាក់ថា ខ្លួនបានបញ្ឈប់ប្រតិបត្តិការជាផ្លូវការ។

ការចាកចេញរបស់ហាងកាហ្វេ Amazon ពីប្រទេសវៀតណាមត្រូវបានគេរំពឹងទុក ខណៈការជូនដំណឹងមួយដែលបានដាក់ជូនទៅផ្សារហ៊ុនថៃនៅដើមខែតុលា ក្រុមហ៊ុន Central Plaza Hotel Public Company Ltd (Centel) បានប្រកាសពីការរំលាយក្រុមហ៊ុន ORC Coffee Passion Group (ORCG) ជាអង្គភាពប្រតិបត្តិការហាងកាហ្វេ Amazon នៅប្រទេសវៀតណាម។

ORCG គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Central Restaurants Group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Centel ដែលកាន់កាប់ភាគហ៊ុន ៤០ ភាគរយ និងក្រុមហ៊ុន PTTOR International Holdings ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន PTT Oil and Retail Business របស់ប្រទេសថៃ ដែលកាន់កាប់ភាគហ៊ុន ៦០៤០ ភាគរយ ។

ក្រុមហ៊ុន Centel បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីប្រទេសវៀតណាម ដើម្បីផ្តោតអាទិភាពអាជីវកម្មឡើងវិញ និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនៃទីផ្សារ។ គិតត្រឹមថ្ងៃទី ៣១ ខែសីហា ក្រុមហ៊ុន Centel បានវិនិយោគ ១.៧២ លានដុល្លារអាមេរិកក្នុងក្រុមហ៊ុនបណ្តាក់ទុននេះ។

ហាងកាហ្វេ Amazon បានចូលប្រទេសវៀតណាមកាលខែវិច្ឆិកា ឆ្នាំ២០២០ជាមួយនឹងហាងដំបូងរបស់ខ្លួននៅទីក្រុងហូជីមិញ។ ការរចនាហាងបានធ្វើតាមគំនិត “oasis” ដែលប្រើក្នុងប្រទេសថៃ។ ដើម្បីឲ្យសមស្របទៅនឹងចំណង់ចំណូលចិត្តក្នុងស្រុក ម៉ឺនុយភេសជ្ជៈត្រូវបានកែសម្រួល រួមជាមួយនឹងកាហ្វេ និងតែទឹកដោះគោបែបថៃ ខ្សែសង្វាក់នេះក៏បានផ្តល់ជូនកាហ្វេ តែ និងភេសជ្ជៈតាមរដូវបែបវៀតណាមផងដែរ៕

Most Popular

To Top