ម៉ាឡេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ចាប់ពីឆ្នាំ ២០២៦ តទៅ ប្រជាជនម៉ាឡេស៊ីដែលមានអាយុក្រោម 16 ឆ្នាំនឹងមិនត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ ខណៈប្រទេសនេះកំពុងចាត់វិធានការដាក់កំហិតលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការត្រួតពិនិត្យអត្តសញ្ញាណ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីការយល់ដឹងអំពីការឆបោកតាមអ៊ីនធើណេតថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោក Datuk Fahmi Fadzil បានបញ្ជាក់ជាថ្មីអំពីផែនការរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីធានាសុវត្ថិភាពអនឡាញសម្រាប់កុមារ។ ដូច្នេះចាប់ពីឆ្នាំក្រោយតទៅ អ្នកផ្តល់សេវាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងត្រូវបានតម្រូវឲ្យអនុវត្តវិធានការផ្ទៀងផ្ទាត់អត្តសញ្ញាណ ដើម្បីធានាថាអ្នកប្រើប្រាស់បំពេញតាមតម្រូវការអាយុអប្បបរមា។
លោក Fahmi បានបញ្ជាក់ថា បទប្បញ្ញត្តិហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានគ្រោងទុករួចហើយសម្រាប់ការអនុវត្តក្នុងប្រទេសអូស្ត្រាលី ដែលចាប់ផ្តើមនៅខែក្រោយ។ ប្រទេសផ្សេងទៀតក៏អាចនឹងបន្តវិធីសាស្រ្តផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ហើយប្រទេសម៉ាឡេស៊ីនឹងសិក្សា និងរៀនពីពួកគេ ដើម្បីបង្កើតវិធានការដែលមានប្រសិទ្ធភាពបំផុត។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីការពារកុមារម៉ាឡេស៊ី ក្រោមច្បាប់សុវត្ថិភាពអនឡាញ ដែលចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦។ រដ្ឋមន្ត្រីបានជំរុញឲ្យឪពុកម្តាយលើកទឹកចិត្តកូនៗរបស់ពួកគេឲ្យចូលរួមសកម្មភាពក្រៅផ្ទះ ដើម្បីកាត់បន្ថយពេលវេលាប្រើប្រាស់ទូរស័ព្ទ និងកុំព្យូទ័រ ព្រមទាំងតាមដានយ៉ាងដិតដល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិករបស់ពួកគេផងដែរ៕
