ភ្នំពេញ៖ លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានមានប្រសាសន៍ថា លោករៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នេះឡើង ក្នុងគោលបំណងដើម្បីអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ និងចង់ឲ្យអតីតកីឡាករជម្រើសជាតិ កីឡាករបាល់ទាត់ចូលនិវត្តន៍ និងកីឡាករវ័យចាស់បានចូលរួមលេងកីឡាបាល់ទាត់ទាំងអស់គ្នា និងដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យយុវជននាំគ្នាលេងកីឡាដើម្បីសុខភាព មិត្តភាព ព្រមទំាងសាមគ្គីភាព។

លោក រិទ្ធ ឌីកា បានលើកឡើងក្នុងឱកាស នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ពិធីបើកកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតមុនការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នៅភោជនីយដ្ឋាន សង្រ្កាននឹងប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ ។

លោក រិទ្ធ ឌីកា បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើកនេះគណៈកម្មការរៀបចំបានកំណត់អាយុកីឡាករចូលរួមចាប់ពី ៣៥ ទៅ ៤០ ឆ្នាំ អនុញ្ញាតឲ្យមានចំនួន ២ នាក់ក្នុងបញ្ជីតែអាចលេងបានលើទីលានបានតែ ១ ម្នាក់គត់ រីឯកីឡាករមានអាយុចាប់ពី ៤១ ទៅ ៥០ ឆ្នាំ អនុញ្ញាតឲ្យលេងបានតែ ៥ ម្នាក់ ហើយកីឡាករមានអាយុ ៥១ ឆ្នាំឡើងអាចលេងលើទីលានបានដោយមិនកំណត់ចំនួន។ ដូច្នេះកីឡាករបាល់ទាត់ចាស់អាចចូលរួមលេងកីឡាបានទំាងអស់ ហើយកីឡាចាស់នឹងមានសកម្មភភាពច្រើននៅលើទីលានប្រកួតទៀត។

លោកប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានបញ្ជាក់ថា ការប្រកួតខាងលើនេះមាន ៤ ក្រុមចូលរួម ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់។

ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ប៉ះជាមួយក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់ នៅម៉ោង ៣រសៀល និងក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញប្រកួតនឹងក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង នៅម៉ោង ៥ ល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)ដដែលក្រុមចាញ់ប៉ះក្រុមចាញ់ប្រជែងយកចំណាត់ថ្នាក់លេខ ៣ នៅម៉ោង ៣រសៀល និងក្រុមដណ្តើមជើងឯកនៃការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នៅម៉ោង ៥ ល្ងាច ៕


ដោយ៖ លី ភីលីព
