ប្រ៊ុយណេ៖ គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាឈរលំដាប់លេខ ៩ នៃតារាងមេដាយ ខណៈប្រទេសឥណ្ឌូនេស៊ីឈរកំពូលតារាងមេដាយនៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹមតាមរយៈ កម្ពុជាឈរលំដាប់លេខ ៩ នាពេលនេះ នៅពេលដែលក្រុមបញ្ចស៊ីឡាត់កម្ពុជាដណ្តើមមេដាយ ២ គ្រឿង គឺមេដាយប្រាក់ ១ គ្រឿង ដោយកីឡាករបញ្ចស៊ីឡាត់កម្ពុជា រ៉ៃយ៉ុង នួនមុន្នីរាជ និងមេដាយសំរិទ្ធ ១ គ្រឿងដោយកីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល។ ចំណែកចំណាត់ថ្នាក់នេះមិនទាន់ចប់ឡើយ ដោយសារកម្ពុជានៅសល់ប្រភេទវូស៊ូមួយទៀត។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី នាយបេសកកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ២៨ នាក់ចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”នៅប្រទេសប៊្រុយណេ ដារូសាឡឹម ៕




ដោយ៖ លី ភីលីព
