កីឡា

ក្រុមព្រះខ័នរាជ ស្វាយរៀងប៉ះក្រុមកងយោធពលខេមរភូមិន្ទនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូនា២៨ ខែវិច្ឆិកា នៅស្តាតចាស់

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង និងក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទបានឡើងវគ្គផ្តាច់ព្រ័ត្រ ការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ បន្ទាប់ពីទំាង ២ ក្រុមបានយកឈ្នះលើគូប្រកួតរៀងៗខ្លួនថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទបានយកឈ្នះលើក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់ ក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង០ ខណៈក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញបានចាញ់ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង នៅក្នុងលទ្ធផលបច្ចេកទេស ២ ទល់នឹង៣ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់ ប៉ះក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ ប្រជែងយកចំណាត់ថ្នាក់លេខ ៣ និងក្រុមដណ្តើមជើងឯកនៃការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ប៉ះក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ។

ការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ ដែលនឹងប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 ។ ការប្រកួតមាន ៤ ក្រុម រួមមាន ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់៕

ដោយ៖ លី ភីលីព

Most Popular

To Top