វៀតណាម៖ យោងតាមទិន្នន័យថ្មី ពីក្រសួង សុខាភិបាល បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាម កំពុងឃើញការផ្លាស់ប្តូរ យ៉ាងខ្លាំង នៃការចម្លងមេរោគអេដស៍ ដោយការឆ្លងថ្មី ភាគច្រើនកើតឡើង តាមរយៈទំនាក់ទំនងផ្លូវភេទ ជាពិសេសក្នុងចំណោមបុរស ដែលរួមភេទជាមួយបុរស (MSM) យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
ប្រទេសនេះបានកត់ត្រា ករណីអេដស៍ថ្មីចំនួន ១៣,៣៥១ ករណី និងការស្លាប់ដែលទាក់ទងនឹងមេរោគអេដស៍ចំនួន ១,៩០៥ ករណីក្នុងរយៈពេលមួយឆ្នាំកន្លងមក ។
លោក Nguyen Luong Tam អនុប្រធាននាយកដ្ឋានវេជ្ជសាស្ត្របង្ការ បានមានប្រសាសន៍ថា ការចម្លងតាមផ្លូវភេទ ឥឡូវនេះមានចំនួនជាង ៨០ ភាគរយ ជាពិសេសក្នុងចំណោមបុរស ស្រឡាញ់បុរស និងមនុស្សប្តូរភេទ ដោយឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ យ៉ាងច្បាស់អំពីរបៀប ដែលមេរោគអេដស៍កំពុងរីករាលដាល។
ចាប់តាំងពីឆ្នាំ ២០១០ គំរូនៃការចម្លង បានផ្លាស់ប្តូរយ៉ាងខ្លាំង ហើយបានរីករាលដាលមេរោគអេដស៍ តាមរយៈការប៉ះពាល់ឈាមបានធ្លាក់ចុះ ខណៈការចម្លងតាមផ្លូវភេទបានក្លាយជាផ្លូវលេចធ្លោ។ ការចម្លងពីម្តាយទៅកូនស្ទើរតែបាត់ ទៅហើយ ក្នុងពេលជាមួយគ្នានេះ ក្រុមដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយការចម្លងតាមផ្លូវភេទបានផ្លាស់ប្តូរ ពីអ្នករកស៊ីផ្លូវភេទ ទៅជាបុរសស្រឡាញ់បុរសជាចម្បង។
ការសិក្សាទូទាំងប្រទេសមួយពាក់ព័ន្ធនឹងបុរស ស្រឡាញ់បុរសចំនួន ៤២៨,៤៥០ នាក់បានរកឃើញអត្រាឆ្លងថ្មី ៧,២ ភាគរយ។ បុរសស្រឡាញ់បុរស ដែលប្រើប្រាស់គ្រឿងញៀន ប្រឈមមុខនឹងហានិភ័យ នៃការឆ្លងខ្ពស់ជាងអ្នកមិនប្រើប្រាស់ចំនួន ៧ ដង។ អត្រានៃការឆ្លង ជំងឺកាមរោគផ្សេងទៀតនៅតែខ្ពស់ ខណៈការប្រើប្រាស់ស្រោមអនាម័យនៅតែទាប។
ក្រសួងសុខាភិបាលប៉ាន់ប្រមាណថា បុរសស្រឡាញ់បុរសមានចំនួន ១-២ ភាគរយនៃចំនួនប្រជាជនបុរសដែលមានអាយុពី ១៥-៤៩ ឆ្នាំក្នុងប្រទេស វៀតណាម ។ ករណីអេដស៍ថ្មីនៅតែមានស្ថេរភាពចំនួនសរុប ប៉ុន្តែ ៦៨ ភាគរយនៃការឆ្លងថ្មី ត្រូវបានរកឃើញគឺប្រមូលផ្តុំ ក្នុងតំបន់ដីសណ្តទន្លេមេគង្គ តំបន់ភាគអាគ្នេយ៍ និងទីក្រុងហូជីមិញ ។ ការឆ្លងកើនឡើងក៏ត្រូវបានរកឃើញ នៅខេត្តដែលពីមុនមិនមែនជាចំណុចក្តៅនោះទេ ជំរុញដោយឥរិយាបថហានិភ័យ ដូចជាការប្រើប្រាស់គ្រឿងញៀនសំយោគ និងការរួមភេទជាក្រុម៕
