សិល្បៈ និង កម្សាន្ត

តុលាការថៃ ចេញដីកាចាប់ខ្លួន អតីតនាយកប្រតិបត្តិបវរ កញ្ញាចក្រវាឡ លោកស្រី Jakapong ‘Anne’ Jakrajutatip ពីបទក្លែងបន្លំវិនិយោគ ៩៣០,០០០ ដុល្លារ

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Jakkapong “Anne” Jakrajutatip អតីតនាយកប្រតិបត្តិក្រុមហ៊ុន JKN Global Group និងអង្គការបវរកញ្ញាចក្រវាឡ ត្រូវបានចេញដីកាចាប់ខ្លួន ដោយសារតែនាង បានរំលងការសវនាការ នៅតុលាការក្នុងករណី ក្លែងបន្លំវិនិយោគ ចំនួនទឹកប្រាក់ ៣០ លានបាត ស្មើនឹង ៩៣០,០០០ ដុល្លារអាមេរិក ។

យោងតាមកាសែតប្រចាំថ្ងៃថៃ Khaosod English បានឲ្យដឹងថា បណ្តឹងក្លែងបន្លំវិនិយោគ ត្រូវបានដាក់ប្រឆាំងនឹងលោកស្រី Anne និងក្រុមហ៊ុនចែកចាយ ខ្លឹមសារឌីជីថល JKN Global Group។

ពាក្យបណ្តឹងនេះបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៣ លោកស្រី Anne និង JKN Global បានផ្តល់ព័ត៌មានមិនពិត និង លាក់បាំងការពិតសំខាន់ៗ ដើម្បីបញ្ចុះបញ្ចូលដើមបណ្តឹង ឲ្យវិនិយោគលើមូលបត្របំណុល របស់ក្រុមហ៊ុន។

លោកស្រី Anne ត្រូវបានធានា ឲ្យនៅក្រៅឃុំ ហើយត្រូវបានឲ្យកាត់ទោសដោយកំបាំងមុខ ប៉ុន្តែនាងមិនបានបង្ហាញ ខ្លួននៅតុលាការស្រុកព្រះនគរ នៅទីក្រុងបាងកកនៅថ្ងៃ កាត់ទោសនោះទេ ហើយមិនបានផ្តល់ហេតុផលទេ។ តុលាការបានសម្រេចថា នាងមានបំណងគេចវេះនីតិវិធី ហើយបានចេញដីកាចាប់ខ្លួន។

តុលាការក៏បានបញ្ជាឲ្យអ្នកធានា របស់លោកស្រី Anne បង់ប្រាក់ធានាពេញលេញ ក្នុងរយៈពេល ១៥ ថ្ងៃ ហើយបានកំណត់ពេលមើលសាល ក្រមឡើងវិញនៅថ្ងៃទី ២៦ ខែធ្នូ។

លោកស្រី Anne អាយុ ៤៦ ឆ្នាំ គឺជាអ្នកជំនួញស្ត្រីប្តូរភេទ ដ៏លេចធ្លោម្នាក់ក្នុងប្រទេសថៃ និងជាអតីតនាយកប្រតិបត្តិនៃ JKN Global Group។ ទស្សនាវដ្តី Forbes បានចាត់ថ្នាក់នាងជាអ្នកប្តូរភេទ ដែលមានជាងគេបំផុតទី៣ លើពិភពលោកក្នុងឆ្នាំ ២០២០ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ ២១០ លានដុល្លារអាមេរិក។

លោកស្រីបានទិញអង្គការ Miss Universe ក្នុងតម្លៃ ២០ លានដុល្លារ អាមេរិកកាលខែតុលា ឆ្នាំ ២០២២ ប៉ុន្តែបានលក់ភាគហ៊ុន ពាក់កណ្តាល របស់នាងទៅឲ្យអ្នកជំនួញម៉ិកស៊ិក Raul Rocha Cantu ក្នុងខែមករា ឆ្នាំ២០២៤ ដោយសារតែការលំបាក ផ្នែកហិរញ្ញវត្ថុ៕

Most Popular

To Top