ព័ត៌មានអន្តរជាតិ

វៀតណាមជាប់ចំណាត់ថ្នាក់លេខ២ នៃការវាយប្រហារតាមប្រព័ន្ធចារកម្មនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសសិង្ហបុរី

វៀតណាម៖ ក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត Kaspersky អះអាងថា ខ្លួនបានទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធចារកម្មចំនួន ១៩១,៩៧៦ ករណីដែលកំណត់គោលដៅអង្គការនានាក្នុងប្រទេសវៀតណាមនៅឆមាសទីមួយនៃឆ្នាំ ២០២៥ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ស្ថិតិដែលទើបចេញផ្សាយថ្មីរបស់ខ្លួនបង្ហាញថា ចំនួននៃការវាយប្រហារបានកើនឡើង ៧៨.៨ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ជាង ១,៥០០ ករណីក្នុងមួយថ្ងៃ។ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ 2 នៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងចំនួនការវាយប្រហារ បន្ទាប់ពីប្រទេសសិង្ហបុរី ហើយស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៣នៅតំបន់ទាក់ទងនឹងការកើនឡើង។

ដោយពន្យល់ពីការកើនឡើងនេះ លោក Simon Tung អគ្គនាយកក្រុមហ៊ុន Kaspersky ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា ហេតុផលគឺថាអ្នកប្រើប្រាស់កំពុងផ្លាស់ប្តូរសកម្មភាពទាំងអស់របស់ពួកគេបន្តិចម្តងៗទៅកាន់បរិយាកាសឌីជីថល។ វេទិកាអនឡាញកំពុងមានភាពរស់រវើកខ្លាំង ជាមួយនឹងប្រតិបត្តិការពាណិជ្ជកម្មរាប់មិនអស់ ការតភ្ជាប់បណ្តាញសង្គម និងយុទ្ធនាការកសាងម៉ាកយីហោ។ តាមពិតទៅ នេះបន្សល់ទុកនូវស្នាមជើងឌីជីថល និងបើកច្រកទ្វារជាច្រើនសម្រាប់ពួក Hacker ដើម្បីវាយប្រហារ។

លោកបានបន្តថា ព័ត៌មានដែលប្រមូលបានតាមរយៈកម្មវិធីប្រភេទនេះ គឺជាអ្វីដែលឧក្រិដ្ឋជនតាមអ៊ីនធើណេតកំពុងតាមរក ដែលធ្វើឲ្យពួកគេអនុវត្តសកម្មភាពក្លែងបន្លំ និងការរឹបអូសទ្រព្យសម្បត្តិ។

របាយការណ៍ហានិភ័យតាមអ៊ីនធើណេតត្រីមាសទី ៣ ឆ្នាំ ២០២៥ របស់ Viettel Cyber Security ក៏បានកត់ត្រាការកើនឡើងយ៉ាងច្បាស់នៃមេរោគលួចទិន្នន័យ រួមទាំងឧបករណ៍ដែលមានសមត្ថភាពប្រមូលព័ត៌មានដែលមានតម្លៃខ្ពស់ដូចជា Cookies Session Tokens Passwords “ពាក្យសម្ងាត់” កាបូបលុយឌីជីថល និងព័ត៌មានលម្អិតនៃការទូទាត់៕

Most Popular

To Top