ភ្នំពេញ ៖ លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកស្រឡាញ់សុខភាព និងស្រឡាញ់កីឡា លោកសូមសម្ដែង ការកោតសរសើរ ចំពោះលោក រិទ្ធ ឌីកា ប្រធានបច្ចេកទេស ក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 មានគំនិតផ្តួចផ្តើមបង្កើត ឲ្យមានការប្រកួតកីឡា បាល់ទាត់វ័យចាស់មិត្តភាព អបអរសាទរទិវាសន្តិភាព២៩ ធ្នូ កាលពីចុងសប្តាហ៍កន្លងទៅនេះ ។

លោក ជុំ កុសល បានបញ្ជាក់ថា ការប្រកួតកីឡា បាល់ទាត់វ័យចាស់ មិត្តភាពអបអរសាទរទិវាសន្តិភាព២៩ ធ្នូ ពីព្រោះការរៀបចំនេះ បានបង្ហាញ នូវអត្ថន័យរួមមាន អបអរសារសាទរទិវាសន្តិភាព ២៩ ធ្នូ ១៩៩៨-២០២៥) ( មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាង ) កីឡាររស់ក្នុងសន្តិភាព មានសន្តិភាព មានកីឡា ការបង្កើនចំណងមិត្តភាព តាមរយ:កីឡាប្រមូលផ្តុំ ។

រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបបន្ថែមទៀតថា ដើម្បីសុខភាព អ្នកចូលចិត្តកីឡាគ្រប់ប្រភេទ ជាពិសេសកីឡាបាល់ទាត់ ជាទូទៅគឺមានសុខភាពល្អ កាយសម្បទារឹងមាំ ទោះបីឈានចូលវ័យចាស់ ។ ជាក់ស្តែងព្រឹទ្ធាចារ្យកីឡាជាច្រើនរូប ដែលពួកគាត់នៅជាប់ជាមួយកីឡា ដូចជា លោកគ្រូប៉ែន ផាត លោកគ្រូ មាំង និងព្រឹទ្ធាចារ្យដទៃទៀត ពួកគាត់មានអាយុជិតចូល៨០ឆ្នាំ ហើយ តែនៅរត់លេងបាល់បាន ។ នេះជាលទ្ធផលសុខភាព ដែលបានមកដោយសារកីឡា ។

ក្នុងឱកាសពិធីបិទ ការប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដោយមានការអញ្ជើញ ចូលរួមជាកិត្តិយសពីសំណាក់លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក ខូវ ឆាយ អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមភូមិន្ទ លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេស ក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 និងលោក អ៊ុក សំណាង ប្រធានក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ ។

ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ បានគ្រងតំណែងជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ទទួលបានជើងឯករង ក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់ជាប់ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញទទួលបានពានក្រុមលេងល្អជាងគេ៕



