កីឡា

លោក វ៉ាត់ ចំរើន ៖ ទិវារត់ប្រណាំងអង្គរ លើកទី៣០ ឆ្នាំ២០២៥ ទទួលបានអ្នករត់ ១៦០០០នាក់ ដែលជាការបំបែក កំណត់ត្រាថ្មី រយៈពេល៣០ឆ្នាំ

ភ្នំពេញ ៖ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ ដែលគ្រោងនឹងធ្វើឡើង នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់អង្គរ ខេត្តសៀមរាប ទទួលបានអ្នក ចុះឈ្មោះពីកីឡាករ-កីឡារិនិជាតិ-អន្តរជាតិចំនួន ១៦ ០០០នាក់មកពី ៨៦ប្រទេស ដែលចំនួននេះបានបំបែកកំណត់ត្រាថ្មី ក្នុងរយៈពេល ៣០ឆ្នាំ ដែលបានរៀបចំឡើង ជាលើកដំបូងនៅឆ្នាំ១៩៩៦។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង ដែលមានវិញ្ញាសាគោល ៤២,១៩៥ គីឡូម៉ែត្រ ក្នុងចំណោមវិញ្ញាសារត់ប្រណាំងជាច្រើនទៀត គឺជាទិវាដ៏ទាក់ទាញ និងធំប្រចាំឆ្នាំរបស់កម្ពុជា ដែលកំពុងជំរុញដល់កំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ។ នេះជាមោទនភាពមួយ របស់ព្រឹត្តិការណ៍អន្តរជាតិមួយនេះ ហើយក៏ជាការបញ្ជាក់ពីការរីកចម្រើន ភាពរីកចម្រើននៃសុខសន្តិភាព ការអភិវឌ្ឍរបស់ប្រទេសជាតិយើងផងដែរ ។
ព្រឹត្តិការណ៍នេះ បានជួយដល់វិស័យទេសចរណ៍ និងអាជីវកម្មផ្សេងៗ ជាពិសេសជួយដល់ប្រជាពលរដ្ឋដែលរកស៊ី ប្រតិបត្តិករទេសរណ៍ នៅខេត្តសៀមរាប ផ្ទាល់តែម្តង ដោយភ្ញៀវជាតិ-អន្តរជាតិ ១៦០០០នាក់នេះត្រូវការការស្នាក់នៅ ហូបចុក ការដឹកជញ្ជូនជាដើមទទួលបានផលទាំងអស់គ្នា ។

លោកអគ្គលេខាធិការ NOCC សង្កត់ធ្ងន់ថា ចំណុចសំខាន់មួយទៀត គឺការរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដើម្បីសប្បុរសធម៌។ ដោយទទួលបានកិច្ចសហការជាមួយអង្គការបេះដូងមាសរបស់ជប៉ុន និងអង្គការជាច្រើនទៀត ទិវារត់ប្រណាំងអន្តរជាតិនេះ ដែលទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន មេនញូឡាយហ្វ៍ តែងតែបានឧបត្ថម្ភថវិកា ទៅដល់អង្គការដៃគូជារៀងរាល់ឆ្នាំ ជាក់ស្តែង កាលពីឆ្នាំ២០២៤កន្លងទៅ ទិវានេះបានផ្តល់ថវិកាឧបត្ថម្ភជាង ១០ម៉ឺនដុល្លារអាមេរិក ដល់អង្គការសប្បុធម៌នានា។

ព្រឹត្តិការណ៍ រត់ប្រណាំងពាក់ កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ គ្រោងនឹងប្រារព្ធធ្វើឡើង នាព្រឹកអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅអង្គរខេត្តសៀមរាប ដោយទាក់ទាញបានអ្នករត់ប្រណាំងចូលរួមរត់ជាតិ និងអន្តរជាតិសរុប ១៦០០០នាក់ មកពី៨៦ប្រទេសជុំវិញពិភពលោក នោះមានភ្ញៀវអន្តរជាតិជាង ៣០០០នាក់ ។

គួបញ្ជាក់ថា អ្នកដែលបានចុះឈ្មោះទាំងអស់ត្រូវទៅទទួលយកសម្ភារសម្រាប់ការចូលរួមរត់នៅសណ្ឋាគារ ខនយ៉ាត តាមផ្លូវជាតិលេខ 6A ភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាប នៅថ្ងៃទី០៤-០៦ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ព្រឹកដល់ ម៉ោង ៦ល្ងាច៕

Most Popular

To Top