ខេត្តព្រះសីហនុ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ-ពានរង្វាន់IDOL លើកទី ២ និងការប្រកួតមិត្តភាព ជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដើម្បីចូលរួម អបអរសាទរ ខួបលើកទី១០ នៃការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ចាប់ពីថ្ងៃទីថ្ងៃទី១ ដល់ ៣ខែធ្នូ ឆ្នាំ២០២៥ នៅទីលានតេជោ ខេត្តព្រះសីហនុ សហព័ន្ធកីឡាកីឡាទាញព្រ័ត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ការៀបចំព្រឹត្តិការណ៍ប្រកួត កីឡាទាញព្រ័ត្រ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដោយសហព័ន្ធកីឡាកីឡាទាញ ព្រ័ត្រកម្ពុជានេះក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលឆ្នាំនេះមានសមាគម និងក្លិបចូលរួមចំនួន ១៤ គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ២៤៨ នាក់ក្នុងនោះ ប្រតិភូចំនួន ១៩ នាក់ គ្រូបង្វឹកចំនួន ២៧នាក់ កីឡាករចំនួន ១១៨ នាក់និងកីឡាការិនី ៨១ នាក់ ។

លោក បណ្ឌិត មាស សារិន ទីប្រឹក្សាផ្ទាល់ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធាន សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា មានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាពេលនេះ និងសូមអបអរសាទរខួបលើកទី១០ នៃការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥-ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥) ។ ល្បែងទាញព្រ័ត្រ គឺជាល្បែងដ៏ មានប្រជាប្រិយភាព មានទំនាក់ទំនងនឹងវប្បធម៌ ប្រពៃណីខ្មែរតាំង ពីបុរាណកាលមក ដោយផ្អែកលើភស្តុតាងដែលមានតម្លៃជាប្រវត្តិសាស្រ្ត ដូចជា ចម្លាក់នៅលើប្រាង្គប្រាសាទនានា ជាពិសេសនៅលើផ្ដែរ ។

លោក បណ្ឌិត មាស សារិន បានបញ្ជាក់ថា សារមន្ទីរជាតិកម្ពុជាមានដាក់តាំងផ្ដែរពីសម័យអង្គរមួយ ដែលមកពីស្រុករំដួល ខេត្តស្វាយរៀង បង្ហាញពីពួកទេវៈ និងពួកអសុរៈ ចង់បានទឹកអម្រឹត បានរួមគ្នាកូរសមុទ្រទឹកដោះ អស់រយៈពេលប្រហែល មួយពាន់ឆ្នាំ ហើយលេចចេញមក នូវរតនៈសម្បត្តិជាច្រើនឥតគណនា ក្នុងនោះមានព្រះនាងលក្សី្មផងដែរ។ ព្រឹត្តិការណ៍នេះ មានលក្ខណៈស្រដៀង នឹងល្បែងទាញ ព្រ័ត្រ របស់ខ្មែរដែរ ។ ល្បែងទាញព្រ័ត្រ ជាល្បែងលេង កម្សាន្តសប្បាយ របស់យុវជនខ្មែរទាំងបុរស ទាំងស្ត្រី កម្លោះក្រមុំ ។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែក្នុង រដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ ។

លោកបណ្ឌិត មាស សារិន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមលេងកីឡា ដើម្បីសុខភាព ជួយលើកកម្ពស់សុខមាលភាព និងជៀសឆ្ងាយពីគ្រឿងញៀន។ ជាមួយគ្នានេះ ប្រធានសហព័ន្ធស្នើឲ្យកីឡាករ កីឡាការិនី ដែលចូលរួមក្នុងការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥នេះត្រូវយកចិត្តទុកដាក់ខិតខំបញ្ចេញអស់សមត្ថភាពក្នុងការប្រកួត ដោយយុត្តិធម៌ ឈរលើស្មារតីសាមគ្គីភាព គោរពវិន័យ និងអនុវត្តឱ្យបានល្អប្រសើរនូវបទបញ្ជា នៃការប្រកួត។ ចំពោះគណៈកម្មការរៀបចំការប្រកួត ជាពិសេសអាជ្ញាកណ្ដាល ចៅក្រមត្រូវអនុវត្តការងារប្រកួតនេះដោយឈរលើស្មារតីសុក្រិត និងយុត្តិធម៌ផងដែរ៕





