ព័ត៌មានអន្តរជាតិ

ស្ត្រីកូរ៉េខាងត្បូងប្រឈមមុខនឹងការជាប់ពន្ធនាគារ ៥ ឆ្នាំពីបទក្លែងបន្លំមានផ្ទៃពោះដើម្បីជំរិតទារប្រាក់កីឡាករ Son Heung-min

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ព្រះរាជអាជ្ញាកូរ៉េខាងត្បូងបានស្វែងរកការកាត់ទោសស្ត្រីកូរ៉េខាងត្បូងឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំសម្រាប់ជនសង្ស័យសំខាន់ក្នុងសំណុំរឿងជំរិតទារប្រាក់កីឡាករបាល់ទាត់ឆ្នើមSon Heung-min ជាអតីតមិត្តស្រីដែលបានប្រើប្រាស់ការអះអាងមិនពិតអំពីការមានផ្ទៃពោះដើម្បីជំរិតទារប្រាក់ពីតារា LAFC ។

សំណើនេះត្រូវបានធ្វើឡើងនៅសវនាការកាត់ទោសនៅថ្ងៃទី ២៧ ខែវិច្ឆិកា នៅតុលាការស្រុកកណ្តាលទីក្រុងសេអ៊ូល។

នេះបើយោងតាមរបាយការណ៍របស់ Chosun Daily បាននិយាយថា ការជំរិតទារប្រាក់ដំបូងបានកើតឡើងកាលខែមិថុនា ឆ្នាំ ២០២៣ នៅពេលអតីតមិត្តស្រី ត្រូវបានគេស្គាល់ថា នាង Yang ត្រូវបានចោទប្រកាន់ថា បានផ្ញើរូបភាពអ៊ុលត្រាសោនទៅកីឡាករ ហើយគំរាមថានឹងបង្ហាញការមានផ្ទៃពោះជាសាធារណៈ លុះត្រាតែលោកបង់ប្រាក់ចំនួន ៣០០ លានវ៉ុន (ប្រហែល ២៣០,០០០ ដុល្លារ)។កីឡាករ Son បានយល់ព្រម ដោយផ្ទេរប្រាក់ដោយសារតែការព្រួយបារម្ភអំពីការខូចខាតកេរ្តិ៍ឈ្មោះ ហើយនាង Yang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មាន។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីចំណាយប្រាក់លើការទិញទំនិញប្រណីត នាង Yang បានសហការជាមួយដៃគូរបស់នាង លោក Yong ជាបុរសម្នាក់មានអាយុ ៤០ ឆ្នាំ ដើម្បីប៉ុនប៉ងជំរិតទារប្រាក់លើកទីពីរ។កាលខែមីនា ឆ្នាំ២០២៥ គូស្នេហ៍នេះបានទាមទារប្រាក់បន្ថែមចំនួន ៧០លានវ៉ុន ដោយគំរាមបង្ហាញព័ត៌មានលម្អិតអំពីការមានផ្ទៃពោះ និងការរំលូតកូនជាបន្តបន្ទាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមគ្រួសាររបស់លោក Son។

ក្រុមមេធាវីរបស់លោកបានសម្រេចចិត្តដាក់ពាក្យបណ្តឹងជំរិតទារប្រាក់ ហើយអ្នកទាំងពីរត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីនោះ។ លោក Yong ដែលបានទទួលស្គាល់សកម្មភាពរបស់គាត់ និងបានសហការជាមួយការស៊ើបអង្កេត ប្រឈមមុខនឹងការកាត់ទោសរយៈពេល ២ឆ្នាំត្រូវបានស្នើសុំ។

ព្រះរាជអាជ្ញាបានបដិសេធយ៉ាងខ្លាំងចំពោះការការពារក្តីរបស់នាង Yang ដោយសង្កត់ធ្ងន់ថាសកម្មភាពរបស់នាងគឺជា “គម្រោងការ គ្រោងទុកជាមុនដែលផ្តោតលើលោក Son Heung-min បន្ទាប់ពីបរាជ័យក្នុងការជំរិតទារប្រាក់ពីបុរសដទៃទៀត ។នាង Yang ត្រូវបានគេរាយការណ៍ថាបានទាមទារប្រាក់ពីបុរសម្នាក់ទៀត ប៉ុន្តែបន្ទាប់ពីបរាជ័យក្នុងការធ្វើដូច្នេះ នាងបានប្តូរទៅលោក Son៕

Most Popular

To Top