ព័ត៌មានអន្តរជាតិ

កញ្ញាឯកអន្តរទ្វីបហ្គាតេម៉ាឡា នាង Raquel Escalante បានទទួលមរណភាពក្នុងអាយុ ២៨ ឆ្នាំ

ហ្គាតេម៉ាឡា៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Raquel Escalante ដែលត្រូវបានគ្រងមកុដជាកញ្ញាឯកហ្គាតេម៉ាឡាអន្តរជាតិកាលឆ្នាំ ២០២១ បានទទួលមរណភាពក្នុងអាយុ ២៨ ឆ្នាំ បន្ទាប់ពីនាងបានតស៊ូជាមួយជំងឺមហារីកមាត់ស្បូនអស់រយៈពេលមួយឆ្នាំ។

កាសែត The Sun បានរាយការណ៍ថា នាងបានទទួលមរណភាពនៅថ្ងៃទី ២៨ ខែវិច្ឆិកា ដោយសារជំងឺខ្សោយតម្រងនោម ខណៈពេលកំពុងរង់ចាំការប្តូរសរីរាង្គ ១០ ខែ បន្ទាប់ពីការអំពាវនាវជាសាធារណៈសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីទូទាត់ថ្លៃព្យាបាលរបស់នាង។នាង Escalante ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកមាត់ស្បូនក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ។

យោងតាម News.com.au បាននិយាយថា នាង Escalante បានចាប់ផ្តើមធ្វើជាតារាម៉ូដែលតាំងពីវ័យក្មេង ហើយបានបន្តតំណាងឲ្យប្រទេសហ្គាតេម៉ាឡាចូលរួមកម្មវិធីប្រកួតសម្រស់អន្តរជាតិជាច្រើន។ ក្រោយមកនាងបានក្លាយជាពិធីការិនីល្បីឈ្មោះនៅលើប៉ុស្តិ៍ទូរទស្សន៍ TV Azteca Guate របស់ប្រទេសហ្គាតេម៉ាឡា។

សេចក្តីថ្លែងការណ៍មួយ ទូរទស្សន៍ Azteca Guate បាននិយាយថា ដំណឹងនៃការទទួលមរណភាពរបស់នាងបានបង្កឲ្យមានការសោកសៅយ៉ាងខ្លាំង។ បណ្តាញទូរទស្សន៍កំពុងកាន់ទុក្ខចំពោះការបាត់បង់មិត្តរួមការងារម្នាក់។

អ្នកនាំពាក្យម្នាក់បាននិយាយថា ក្រុមគ្រួសារ TV Azteca Guate ចូលរួមសាមគ្គីភាពជាមួយឪពុកម្តាយ មនុស្សជាទីស្រលាញ់ មិត្តភក្តិ និងអ្នកគាំទ្ររបស់នាង ដោយអមដំណើរពួកគេនៅក្នុងគ្រាដ៏សោកសៅនេះ។ យើងសូមថ្លែងអំណរគុណដល់ Raquel ចំពោះការលះបង់របស់នាង ស្នាមញញឹមដែលមានវត្តមានជានិច្ចរបស់នាង និងសម្រាប់ការបំភ្លឺអេក្រង់របស់យើងជាមួយនឹងទេពកោសល្យដែលនឹងស្ថិតក្នុងការចងចាំរបស់យើងជារៀងរហូត។ “សូមសម្រាកដោយសន្តិភាព Raquel Escalante មរតករបស់អ្នកនឹងស្ថិតនៅជារៀងរហូតក្នុងបេះដូងរបស់ប្រទេស Guatemala”៕

Most Popular

To Top