ភ្នំពេញ៖នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉េស្បាលអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធដោយមានការអញ្ជើញចូលរួមពិធីបើកសិក្ខាសាលបូកសរុបកាឆរងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើទិសសៅឆ្នាំសិក្សា២០២៥-២០២៦ នៅភោជនីយដ្ឋាន ទន្លេបាសាក់II ដែលមានរយៈពេល ២ ថ្ងៃជាផ្លូវការហើយ។

លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា ផ្អែកតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកីឡា អគ្គនាយកដ្ឋានកីឡារៀបចំសិក្ខាសាលារយៈពេល ២ថ្ងៃនេះក្នុងគោលបំណងបូកសរុបសមិទ្ធផល ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារក្នុងអនុវិស័យអប់រំកាយ និងកីឡាក្នុងឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦។ អង្គសិក្ខាសាលានេះគឺជាវេទិការពិភាក្សា និងវិភាគបញ្ហាគន្លឹះលើប្រធានបទធំៗ២ គឺ ការលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡា ដើម្បីរួមចំណែកបង្កើនគុណភាពអប់រំ និងសុខភាពសាធារណៈ និងការលើកកម្ពស់ការហាត់ហ្វឹកហ្វឺនកីឡាករជម្រើសជាតិ និងថ្នាល ដើម្បីឧត្តមភាពគុណផលកីឡា និងកិត្យានុភាពជាតិ ព្រមជាមួយការចែករំលែកបទពិសោធល្អៗអំពីការលើកកម្ពស់អប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ដោយមានការចូលរួមពីអង្គភាពជំនាញ និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ១៦០ នាក់ ដែលនឹងចូលរួមមតិយោបល់ កែលម្អ និងដកស្រង់បទពិសោធល្អៗពីគ្នាទៅវិញទៅមក ដើម្បីជាឧត្តមប្រយោជន៍ក្នុងការអនុវត្តការងារឆ្នាំនាឆ្នាំ២០២៦។

លោក វ៉ាត់ ចំរើន ក៏បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកីឡា និងអង្គភាពចំណុះទាំងអស់ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត សហព័ន្ធកីឡាជាតិ អ្នកពាក់ព័ន្ធទាំងអស់ និងដៃគូអភិវឌ្ឍអន្តរជាតិដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងរយៈពេលមួយឆ្នាំកន្លងមក ព្រមទាំងកិច្ចសហការយ៉ាងល្អប្រសើរក្នុងការរៀបចំកិច្ចប្រជុំបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ដ៏មានសារៈសំខាន់នាពេលនេះ។

កិច្ចប្រជុំបូកសរុបការងារនេះធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលបានសម្រេចរយៈពេលមួយឆ្នាំកន្លងមក ហើយធៀបជាមួយផែនការយុទ្ធសាស្រ្តនិងផែនការសកម្មភាពឆ្នាំ២០២៥ ដើម្បីរកឱ្យឃើញថា តើយើងនៅមានអ្វីសេសសល់ និងអ្វីជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា។ ក្រៅពីនេះ យើងក៏ចង់បានផងដែរនូវធាតុចូលពីលោក លោកស្រីសម្រាប់ដាក់បញ្ចូលទៅក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នាខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងអប់រំបានបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡានៅក្នុងម៉ោងសិក្សានិងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួមទាំងអភិវឌ្ឍន៍មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ៕









ដោយ៖លី ភីលីព
