ព័ត៌មានអន្តរជាតិ

ប្រទះឃើញសព ភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ ស្លាប់ដោយលុតជង្គង់ ក្នុងបន្ទប់សណ្ឋាគារភូកេត ប្រទេសថៃ

ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរជនជាតិអាល្លឺម៉ង់មានអាយុ ៨៤ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់ក្នុងបន្ទប់សណ្ឋាគារភូកេត របស់លោកកាលពីចុងសប្តាហ៍ បន្ទាប់ពីមិត្តភក្តិ និងបុគ្គលិកមិនអាចទាក់ទងលោកបាន ខណៈប៉ូលីស បាននិយាយថា ទ្វារត្រូវបានចាក់សោពីខាងក្នុង។

នេះបើយោងតាមការចុះផ្សាយ របស់ Khaosod ថា មន្ត្រីប៉ូលីសត្រូវបានហៅទៅកាន់ សណ្ឋាគារមួយក្បែរឆ្នេរកាម៉ាឡា នៅម៉ោងប្រហែល ៧ យប់ ថ្ងៃទី ៣០ ខែវិច្ឆិកា ជាកន្លែងដែលពួកគេបានចូលទៅ ក្នុងបន្ទប់ចាក់សោរតាមរយៈយ៉រ។

ប៉ូលីសបាននិយាយថា បុរសនោះ ត្រូវបានគេស្គាល់ថា ជាលោក Lothar មកពីប្រទេសអាល្លឺម៉ង់ ត្រូវបានគេប្រទះឃើញលុតជង្គង់ នៅជើងគ្រែរបស់លោក ដោយក្បាល និងដៃរបស់លោកសម្រាកលើពូក។ លោកទំនងជាស្លាប់អស់ រយៈពេលជាច្រើនម៉ោងហើយ ហើយមិនបានកត់សម្គាល់ឃើញសញ្ញានៃការតស៊ូ ឬការបង្ខំឲ្យចូលនោះទេ។

នេះបើយោងតាមការចុះផ្សាយរបស់ Mothership បាននិយាយថា ថ្នាំសម្រាប់កូឡេស្តេរ៉ុល និងសម្ពាធឈាមខ្ពស់ត្រូវបាន រកឃើញក្នុងបន្ទប់។

ស្ត្រីមេផ្ទះម្នាក់បាននិយាយថា នាងបានគោះទ្វារនៅពេលព្រឹក ប៉ុន្តែមិនបានទទួលការឆ្លើយតបទេ។ ក្រោយមកនៅល្ងាចនោះ មិត្តភក្តិបរទេសម្នាក់បានជូនដំណឹងដល់សណ្ឋាគារ បន្ទាប់ពីមិនអាចទាក់ទ ងបុរសនោះតាមទូរសព្ទបាន។ បុគ្គលិកបានព្យាយាមបើកទ្វារ ប៉ុន្តែត្រូវបានរារាំង ដោយខ្សែសង្វាក់ខាងក្នុង ដែលជំរុញឲ្យស្ត្រីមេផ្ទះ ចុះពីជណ្តើរពន្លត់អគ្គីភ័យ ជាន់ទី៤ ដើម្បីពិនិត្យមើល បន្ទប់តាមរយៈយ៉រ។

ការធ្វើកោសល្យវិច័យ ត្រូវបានអនុវត្ត ហើយអាជ្ញាធរបានជូនដំណឹង ដល់ស្ថានទូតអាល្លឺម៉ង់ ដើម្បីទាក់ទងសាច់ញាតិ របស់លោក៕

Most Popular

To Top