ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃបានចេញលិខិតសុំទោសជាផ្លូវការដល់វៀតណាម និងឡាវ បន្ទាប់ពីមានកំហុសបច្ចេកទេសដែលបានខកខានចាក់ភ្លេងជាតិប្រទេសពួកគឲ្យគោរពមុនការប្រកួតបើកឆាកបាល់ទាត់បុរសនៅថ្ងៃពុធចាប់ផ្តើម។
វៀតណាមបានឈ្នះការប្រកួត ២-១ ប៉ុន្តែពិធីមុនការប្រកួតត្រូវបានសម្គាល់ដោយភាពចម្រូងចម្រាស នៅពេលប្រព័ន្ធសំឡេងមានបញ្ហា។ ជាលទ្ធផល កីឡាករមកពីក្រុមទាំង ២ ត្រូវបានបង្ខំឲ្យច្រៀងភ្លេងជាតិរៀងៗខ្លួនដោយគ្មានភ្លេង។
ប្រហែល ២ ម៉ោង បន្ទាប់ពីការប្រកួត អ្នករៀបចំបានផ្ញើលិខិតផ្លូវការទៅកាន់គណៈកម្មាធិការអូឡាំពិកនៃប្រទេសទាំង២ គឺវៀតណាម និងឡាវ ដោយទទួលយកការទទួលខុសត្រូវទាំងស្រុង។ លិខិតនេះត្រូវបានចេញដោយសម្របសម្រួលជាមួយអាជ្ញាធរកីឡាថៃ (SAT) និងសមាគមបាល់ទាត់ថៃ (FAT) ដែលជាស្ថាប័នត្រួតពិនិត្យបាល់ទាត់បុរសនៅកីឡាស៊ីហ្គេម។
លោក Gongsak Yodmani នាយក SAT បានសរសេរថា យើងសូមអភ័យទោសយ៉ាងជ្រាលជ្រៅបំផុតចំពោះភាគីពាក់ព័ន្ធទាំងអស់ចំពោះការលំបាកផ្នែកបច្ចេកទេសនៅដើមការប្រកួតបាល់ទាត់រវាងឡាវ និងវៀតណាម នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិ Rajamangala ដែលបណ្តាលឲ្យមិនអាចលេងភ្លេងជាតិនៃប្រទេសទាំងពីរតាមកាលវិភាគ។ យើងសន្យាថានឹងមិនឲ្យឧប្បត្តិហេតុនេះកើតឡើងម្តងទៀតទេ។
គណៈកម្មាធិការអូឡាំពិកវៀតណាមបានបញ្ជាក់ថា បានទទួលការសុំទោសហើយ។ ការខកខានភ្លេងជាតិនេះ គឺជាកំហុសរដ្ឋបាលចុងក្រោយបង្អស់ក្នុងចំណោមកំហុសរដ្ឋបាលជាបន្តបន្ទាប់របស់ប្រទេសម្ចាស់ផ្ទះដែលពាក់ព័ន្ធនឹងនិមិត្តសញ្ញាជាតិ៕
