ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរអន្តរជាតិជនជាតិអាមេរិក និងអូស្ត្រាលីបានស្លាប់នៅតំបន់រមណីយដ្ឋានពេញនិយមក្នុងប្រទេសថៃ

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរថៃកំពុងស៊ើបអង្កេតការស្លាប់របស់អ្នកទេសចរបរទេស ២ នាក់ គឺម្នាក់ជាជនជាតិអាមេរិក និងម្នាក់ទៀតជាជនជាតិអូស្ត្រាលី ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នានៅរមណីយដ្ឋានពេញនិយមខេត្តឈុនបុរី និងខេត្តភូកេត ក្នុងប្រទេសថៃតែម្តង។

ប៉ូលីសខេត្តឈុនបុរីបាននិយាយថា បុរសអាមេរិកអាយុ ៦៩ ឆ្នាំម្នាក់ត្រូវបានគេស្គាល់ថា លោក Walsh ត្រូវបានគេប្រទះឃើញស្លាប់ក្នុងកាលៈទេសៈមិនធម្មតាក្នុងបន្ទប់សណ្ឋាគារដែលចាក់សោររបស់លោកនៅថ្ងៃទី ១ ខែធ្នូ។

នេះបើយោងតាមរបាយការណ៍របស់កាសែត Khaosod English បាននិយាយថា មន្ត្រីបានរកឃើញសាកសពរបស់លោកក្នុងបន្ទប់ទឹកដោយមានថង់ប្លាស្ទិកមួយនៅពីលើក្បាល និងដៃរបស់លោកត្រូវបានចងពីក្រោយខ្នង។ អ្នកស៊ើបអង្កេតបាននិយាយថា មិនមានសញ្ញានៃការតស៊ូក្នុងបន្ទប់នោះទេ។

វីដេអូសុវត្ថិភាពសណ្ឋាគារបានបង្ហាញបុរសនោះកំពុងចូលស្នាក់នៅតែម្នាក់ឯងនៅម៉ោង ៤:១៤ រសៀល បន្ទាប់ពីចតឡានដឹកទំនិញរបស់គាត់នៅចំណតខាងក្រោយ។

ប៉ូលីសបានបន្ថែមថា កាមេរ៉ាសុវត្ថិភាព CCTV នៅជាន់ទី៦ ជាកន្លែងដែលបន្ទប់របស់លោកស្ថិតនៅ មិនដំណើរការនៅពេលនោះទេ។មន្ត្រីកោសល្យវិច្ច័យបានប្រមូលស្នាមម្រាមដៃពីបន្ទប់ ខ្នោះដៃ និងថង់ប្លាស្ទិក។ សាកសពត្រូវបានបញ្ជូនទៅវិទ្យាស្ថានកោសល្យវិច្ច័យនៃមន្ទីរពេទ្យប៉ូលីសទូទៅ ដើម្បីធ្វើកោសល្យវិច្ច័យ ដើម្បីកំណត់មូលហេតុនៃការស្លាប់។

នេះបើយោងតាមការចុះផ្សាយរបស់ The Thaiger ថា នៅភូកេត ប៉ូលីសបាននិយាយថា អ្នកទេសចរជនជាតិអូទ្រីសអាយុ ៦២ ឆ្នាំម្នាក់បានដួលសន្លប់ ហើយស្លាប់នៅព្រឹកថ្ងៃអង្គារក្នុងបន្ទប់សណ្ឋាគាររបស់លោកនៅតំបន់ Karon។ បុរសនោះបានស្នាក់នៅសណ្ឋាគារជាមួយប្រពន្ធរបស់លោកតាំងពីថ្ងៃទី ២១ ខែវិច្ឆិកា ហើយត្រូវចាកចេញនៅថ្ងៃទី ៦ ខែធ្នូ។

ប្រពន្ធរបស់គាត់បានប្រាប់ប៉ូលីសថា ពួកគេបានញ៉ាំអាហារពេលល្ងាចនៅ Kata កាលពីយប់មុន ហើយគាត់ហាក់ដូចជាមានសុខភាពល្អ។លោកស្រីបានបន្តថា គាត់បានផឹកស្រាបៀរ និងជក់បារីពេលលោកស្រីចូលគេង៕

Most Popular

To Top