ព័ត៌មានជាតិ

មន្ទីរអប់រំខេត្តកណ្តាល ចាប់ផ្តើការប្រកួតកីឡា សម្រាប់ ទំាង អស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ ជាផ្លូវការហើយ

កណ្តាល ៖ ការប្រកួតកីឡាសម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ ដែលមានរយៈពេល ៧ថ្ងៃ ដែលចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យហ៊ុនសែន តាខ្មៅ វិទ្យាល័យ ហ៊ុនសែន សេរីភាព និងបឋមសិក្សាអនុវត្ត ជាសកម្មភាពមួយដើម្បីបំផុស ប្រជាពលរដ្ឋលេងកីឡា ការប្រកួតរៀបចំ ដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ការប្រកួតកីឡាសម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ មានកីឡា ៥ ប្រភេទកីឡារួមមានកីឡាបាល់ទាត់ កីឡាបាល់បោះ កីឡាបាល់ទះ កីឡាតេក្វានដូ WT និងប៉េតង់។ សម្រាប់កីឡាបាល់ទាត់ប្រកួតនៅទីលានបាល់ទាត់ខេត្ត កីឡាបាល់បោះប្រកួតនៅវិទ្យាល័យហ៊ុនសែន តាខ្មៅ កីឡាបាល់ទះ ប្រកួតនៅ វិទ្យាល័យហ៊ុនសែន សេរីភាព កីឡាតេក្វានដូ WT ប្រកួតនៅសាលប្រជុំបឋមសិក្សាអនុវត្ត និងប៉េតង់ប្រកួតទីលានក្នុងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍ មូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ។
វិស័យអប់រំកាយ និង កីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយក ចិត្តទុកដាក់យ៉ាង ខ្លាំង ជាពិសេសនៅក្នុងកំណែ ទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណ ភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យ កីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដាសាលារៀនគំរូ ស្តីពីការអប់រំកាយ និងកីឡានៅក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាព ហាត់ប្រាណ និងលេងកីឡារបស់ប្រជាជន រួមទាំងអភិវឌ្ឍន៍ មូលធនមនុស្សមាន គុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃ សេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ ៕

Most Popular

To Top