ព្រឹត្តិការណ៍

រុស្ស៊ីនឹងប្រគល់នាវាចម្បាំង សមត្ថភាពមីស៊ីលពីរគ្រឿង ឲ្យឥណ្ឌានៅឆ្នាំ២០២៤

បរទេស៖ ក្រុមហ៊ុនផលិតនាវារុស្ស៊ី Yantar ក្នុងទីក្រុង Kaliningrad នឹងបញ្ជូនប្រគល់ឲ្យទ័ពជើងទឹកឥណ្ឌា នូវនាវាចម្បាំងសមត្ថភាពមីស៊ីលនាំផ្លូវពីរគ្រឿងដំបូង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ នេះបើយោងតាមទីភ្នាក់ងារសេវាកម្មសហព័ន្ធ សម្រាប់សហប្រតិបត្តិការបច្ចេកទេស និងយោធា ហៅកាត់ថា FSTMC។

ការិយាល័យ FSTMC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅក្នុងពិធីពិព័រណ៍អាវុធអន្តរជាតិ DefExpo ក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី០៦ ខែកុម្ភៈថា “ដោយអនុលោមទៅតាមកាលវិភាគការងារ ដែលភាគីបានព្រមព្រៀងគ្នានោះ គម្រោង នាវាចម្បាំង 11356 ដែលកំពុងស្ថិតក្រោមការសាងសង់ នៅក្រុមហ៊ុន Yantar Shipyard ក្នុងទីក្រុង Kaliningrad នឹងប្រគល់ឲ្យទ័ពជើងទឹកឥណ្ឌា នៅចុងឆមាសទីមួយនៃឆ្នាំ២០២៤”។

គួរបញ្ជាក់ថា នៅក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ដែលបានសម្រេចរវាងឥណ្ឌានិងរុស្ស៊ី កាលពីខែតុលា ឆ្នាំ២០១៦ នាវាចម្បាំងទាំងពីរគ្រឿងនោះ នឹងត្រូវសាងសង់ឡើងនៅកន្លែងផលិតនាវា Yantar shipyard ចំណែកនាវាចម្បាំងពីរគ្រឿងថែមទៀត នឹងត្រូវដំឡើងកន្លែងផលិតនាវា Goa ដែលជាកម្មសិទ្ធិរដ្ឋរបស់ឥណ្ឌា ដោយទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីក្រុមហ៊ុនរុស្ស៊ី United Shipbuilding Corporation (USC)៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top