ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គណៈប្រតិភូ កីឡាជាច្រើនប្រទេស ដែលចូលរួមក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣៣ បានស្នើសុំឲ្យប្រទេសម្ចាស់ផ្ទះថៃ កែលម្អការរៀបចំភស្តុភារកម្មជាបន្ទាន់ ដោយលើកឡើងពីបញ្ហា ទាក់ទងនឹងកន្លែងស្នាក់នៅ ស្បៀងអាហារ កន្លែងហ្វឹកហាត់ និងការដឹកជញ្ជូន។
កង្វល់ទាំងនេះត្រូវបានលើកឡើង ក្នុងអំឡុងពេលកិច្ចប្រជុំ របស់ប្រធានគណៈប្រតិភូកាលពីថ្ងៃចន្ទ។
យោងតាមការចេញផ្សាយព័ត៌មាន Khaosod បាននិយាយថា ខណៈអ្នកតំណាងមកពីទីម័រខាងកើតអវត្តមាន មន្ត្រីមកពីប្រទេសដទៃទៀត បានបង្ហាញបញ្ជីបញ្ហា ដែលកំពុងបន្តកើតមានដល់អ្នករៀបចំថៃ រួមទាំងការរអាក់រអួលជាមួយ នឹងកាលវិភាគប្រកួត និងទីតាំងហ្វឹកហាត់។
ក្នុងអំឡុងពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung នៅទីក្រុងបាងកកកាលពីថ្ងៃអង្គារ អនុប្រធានសហព័ន្ធបាល់ទាត់វៀតណាម (VFF) លោក Tran Anh Tu ក៏បានបញ្ជាក់ពីការរអាក់រអួល ដែលក្រុមបាល់ទាត់នារី កំពុងប្រឈមមុខ។
ដោយឈរជើងនៅខេត្តឈុនបុរី ផ្លូវរបស់ក្រុមទៅកាន់ទីលានហ្វឹកហាត់ គឺពិបាកណាស់។ ទីលាននេះមានចម្ងាយ ៤០ គីឡូម៉ែត្រ ហើយការធ្វើដំណើរ ត្រូវចំណាយពេលប្រហែល ៩០ នាទីក្នុងមួយជើង ដោយសារតែផ្លូវតូចចង្អៀត និងការកកស្ទះចរាចរណ៍ខ្លាំង។
លោក Tu បាននិយាយថា វគ្គហ្វឹកហាត់មួយមានរយៈពេលប្រហែល ៩០ នាទី ប៉ុន្តែរួមទាំងពេលវេលាធ្វើដំណើរ វាចំណាយពេលជាង៤ម៉ោង ។ នេះធ្វើឱ្យក្រុមនារីមានការលំបាក។ ក្រុមបុរសមានអត្ថប្រយោជន៍ ពីព្រោះពួកគេប្រកួតប្រជែង និងហ្វឹកហាត់នៅទីក្រុងបាងកក។
បន្ទាប់គឺជម្លោះកាលវិភាគ ក្រុមបាល់បោះបុរស និងនារី 3×3 ត្រូវបានគ្រោងនឹងហ្វឹកហាត់នៅទីកន្លែងប្រកួតបន្ទាប់ពីម៉ោង ៩ យប់ថ្ងៃអង្គារ ទោះបីជាការប្រកួតបើកឆាក របស់ពួកគេបានធ្វើឡើងនៅព្រឹកបន្ទាប់ក៏ដោយ ដើម្បីធានាបាននូវសុខភាព របស់កីឡាករ ក្រុមទាំងនោះបានជ្រើសរើសលុបចោល វគ្គហ្វឹកហាត់ពេលយប់ជ្រៅ។
ការសម្របសម្រួលការដឹកជញ្ជូន នៅអាកាសយានដ្ឋាន សុវណ្ណភូមិក៏ ត្រូវបានរិះគន់ផងដែរ។ គណៈប្រតិភូមួយបាន រាយការណ៍ពីការរង់ចាំរយៈពេល ៥ ទៅ ៦ ម៉ោង សម្រាប់ការមកទទួលនៅពេលមកដល់។ ប្រទេសវៀតណាម បានប្រឈមមុខ នឹងការពន្យារពេលស្រដៀងគ្នានេះ ដោយក្រុមបាល់ទះនារី បានជាប់គាំងអស់រយៈពេលពីរម៉ោង៕
