កណ្តាល ៖ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមបាល់ទះនារីរួមចិត្តតែមួយ ដណ្តើមមេដាយមាស ក្នុងការប្រកួតកីឡាសម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ នៅទីលានបាល់ទះក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីបានយកឈ្នះលើគូប្រកួតលទ្ធផល ៣ ទល់នឹង ១ ដែលជាសកម្មភាពមួយ ដើម្បីបំផុសប្រជាពលរដ្ឋលេងកីឡា ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្រុមបាល់ទះនារីរួមចិត្តតែមួយ ដណ្តើមមេដាយមាស បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទះនារីវិទ្យាល័យ ព្រែកស្លែង ក្នុងលទ្ធផល ៣ ទល់នឹង ១ ហើយជ័យជម្នះធ្វើឲ្យក្រុមបាល់ទះនារីវិទ្យាល័យ ព្រែកស្លែង ទទួលបានមេដាយប្រាក់ ។ ក្រុមបាល់ទះនារីវិទ្យាល័យ តាខ្មៅទទួលបានមេដាយប្រាក់ ក្រោយពីយកឈ្នះលើក្រុមបាល់ទះនារីសម័យថ្មី ក្នុងលទ្ធផល ៣ ទល់នឹង ២ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការ សកម្មភាពស្តង់ដាសាលារៀនគំរូ ស្តីពីការអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួមទាំងអភិវឌ្ឍន៍ មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃ សេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ ៕




