ភ្នំពេញ ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានអញ្ជើញចូលរួម ពីបើកសិក្ខាសាលា ស្ដីពី វិធីសិក្សា ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយកីឡាប្រពៃណីដែលមាន ៣ ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះមានសិក្ខាកាម ចូលរួមចំនួន៣៥ នាក់មកពីសហព័ន្ធកីឡាជាតិ និងមន្ត្រីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅសាលប្រជុំនាយកដ្ឋាន កីឡាជំនាញ និងកីឡាមហាជនក្នុងពហុកីឡដ្ឋានជាតិ ។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និង កីឡាមហាជន បានប្រាប់ឲ្យដឹងថា ដោយអនុវត្តផែនការប្រតិបិត្តប្រចាំឆ្នាំ២០២៥ របស់នាយកដ្ឋាន កីឡាជំនាញនិងកីឡាមហាជន និង ដោយបានអនុញ្ញាតគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥នេះ នាយកដ្ឋានកីឡាជំនាញនិង កីឡាមហាជន បានរៀបចំបើក វគ្គសិក្ខាសាលាស្តីពី វិធីសិក្សា ស្រាវជ្រាវ ចងក្រងកីឡាប្រពៃណី ក្នុងគោល បំណងប្រមូលធាតុ ចូលពីស្ថាប័នពាក់ព័ន្ធ និងបណ្តារាជធានីខេត្ត អំពីការរៀបចំគំរូ (Model) នៃវិធីសិក្សា ស្រាវជ្រាវ ចងក្រងនិងផ្សព្វផ្សាយកីឡាប្រពៃណី ដោយលើកយកការចងក្រង ល្បែងកីឡាវាលខែល មកបង្ហាញ នាពេលនេះ ពិតជាមានសារសំខាន់ក្នុងការ ពង្រឹង និងពង្រីក វិធីសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយកីឡា ប្រពៃណី ។

សម្រាប់ការរៀបចំសិក្ខាសាលាស្តីពី វិធីសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយកីឡាប្រពៃណីនេះ ក្នុងគោលបំណងប្រមូលធាតុ ចូលពីស្ថាប័នពាក់ព័ន្ធ អំពីការរៀបចំគំរូ(Model) នៃវិធីសិក្សា ស្រាវជ្រាវ និង ចងក្រង កីឡាប្រពៃណី មកបង្ហាញ នាពេលនេះ អញ្ជើញមកពី នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងសហព័ន្ធកីឡាជាតិមានសិក្ខាកាមសរុប ចំនួន៣៥ រូប ស្រីចំនួន១៣រូប ចំពោះកម្មវិធីសិក្ខាសាលា ត្រូវ បង្ហាញមាន លក្ខណៈទូទៅនៃកីឡាប្រពៃណី មូលដ្ឋាននៃការស្រាវជ្រាវ ដំណើការនៃការស្រាវជ្រាវ ការសិក្សាអំពីទម្រង់របាយការណ៍ស្រាវជ្រាវកីឡា ប្រពៃណី ការប្រើប្រាស់សម្ភារៈនិងឧបករណ៍ស្រាវជ្រាវ ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសានស៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមសម្ដែង នូវការអបអរសាទរ ចំពោះនាយកដ្ឋាន កីឡាជំនាញនិងកីឡាមហាជន ជាពិសេសមន្ត្រីការិយាល័យកីឡាមហាជន និងកីឡាប្រពៃណីបានខិតខំស្វែង រកឯកសារ និងចងក្រងមេរៀន វិធីសិក្សា ស្រាវជ្រាវ កីឡាប្រពៃណីខ្មែរ នៅតាមសហគមន៍ ។ លោក លោកស្រី បានជ្រាបមកហើយថា កីឡាប្រពៃណី មិនត្រឹមតែជាការ កម្សាន្ត ប៉ុណ្ណោះទេ ក៏ជាផ្នែកមួយយ៉ាងសំខាន់នៃប្រវត្តិសាសាស្ត្របានបង្ហាញពីអត្តសញ្ញាណជាតិរបស់យើង មកដល់សព្វថ្ងៃនេះ បានដើរតួនាទីសំខាន់ការថែរក្សាបេតិកភណ្ឌ វប្បធម៌ និងការចងសម្ព័ន្ធ ក្នុងសហគមន៍ ធ្វើឲ្យមនុស្សស្គាល់ពីរបៀបរស់នៅជាមួយគ្នា និងបណ្តុះស្មារតី ព្រមទាំងមានមោទនភាពក្នុងសង្គមវប្បធម៌ជាមួយគ្នាផងដែរ ។
លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍន៍ និងទទួលស្គាល កីឡាប្រពៃណីមួយចំនួន ដើម្បីឲ្យក្លាយជាសហពន្ធ័ និងមានឱកាសក្នុងការចូលរួម ការប្រកួតមាន ដូចជា ប្រដាល់គុនខ្មែរ គុណល្បកត្តោ ទាញព្រ័ត្រ អុកចតុរង្គ ស៊ីប៉ាក់តាក្រ កីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា ជាពិសេសនៅ នៅថ្ងៃទី០៨ ដល់១១ ខែសីហា ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអាស៊ាន យើងបានបង្ហាញ អនុវិស័យអប់រំកាយនិងកីឡា ស្របតាមគោលនយោបាយជាតិ ស្តីពី ការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ស្គាល់ពីគុណតម្លៃរបស់កីឡាប្រពៃណី ដែលមានគុណខ្មែរ និងគុនល្បុក្កតោ ។

ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានរៀបចំការ ប្រកួតកីឡាប្រពៃណី យុទ្ធគុនចម្រុះខ្មែរបុរាណក្នុងវិមានកីឡដ្ឋានជាតិ ដែលមានសមាគមន៍ ចូលរួមច្រើនកុកករ។ វគ្គសិក្សាស្រាវជ្រាវ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការយល់ដឹង ពីផលប៉ះពាល់ដ៏ទូលំទូលាយនៃកីឡាប្រពៃណី។ វិធីសិក្សា ស្រាវជ្រាវទាំងនេះ មិនត្រឹមតែជួយយើងចងក្រងឯកសារ និងវិភាគពីការអនុវត្ត និងគុណតម្លៃ ដែលបាន បង្កប់ក្នុងកីឡាប្រពៃណីខ្មែរប៉ុណ្ណោះទេ វាក៏បម្រើជាឧបករណ៍ ដើម្បីវាយតម្លៃប្រសិទ្ធភាព នៃកិច្ចខិតខំ ប្រឹងប្រែង ដើម្បីអភិរក្ស និងធ្វើឲ្យកីឡាប្រពៃណីរស់ឡើងវិញផងដែរ។ តាមរយៈ សិក្ខាសាលានេះ យើងនឹង ទទួលបាននូវធាតុចូល និងការយល់ដឹងកាន់តែស៊ីជម្រៅ រួមចំណែកដល់ការអភិវឌ្ឍន៍ សហគមន៍របស់យើង និងពង្រឹងអត្តសញ្ញាណជាតិ៕

