កីឡា

ប្រទេសថៃ​ កាន់ទុក្ខគ្រូបង្វឹកការ៉ាតេជាតិ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្មានថ្ងៃ បន្ទាប់ពីជ័យជម្នះ SEA Games 33

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហគមន៍កីឡាថៃកំពុងកាន់ទុក្ខចំពោះមរណភាពរបស់គ្រូបង្វឹកការ៉ាតេជាតិ អ្នកនាង Kanokporn Donsumran បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកនាងបានជួយដឹកនាំប្រទេស ឲ្យទទួលបានមេដាយជាច្រើន ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games 2025។

នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post បាននិយាយថា អ្នកនាង Kanokporn អាយុ ៣៨ ឆ្នាំ បានស្លាប់នៅព្រឹកព្រលឹមថ្ងៃទី ១៧ ខែធ្នូ នៅពេលរថយន្តរបស់អ្នកនាង បានបុកពីក្រោយរថយន្តដឹកអំពៅមួយគ្រឿង នៅស្រុក Wang Saphung ខេត្ត Loei បន្ទាប់ពីអ្នកនាងបានបញ្ចប់ភារកិច្ច របស់អ្នកនាង នៃការប្រកួតកីឡាថ្នាក់តំបន់នៅទីក្រុងបាងកក ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅលើផ្លូវ ដែលមានពន្លឺមិនល្អ ដែលភ្លើងក្រោយរថយន្តត្រូវបានបិទបាំងដោយដើមអំពៅ និងស្លឹកអំពៅ។ រថយន្តនេះត្រូវបានគេរាយការណ៍ថា កំពុងធ្វើដំណើរក្នុងគន្លងជែង នៅពេលមានការប៉ះទង្គិចគ្នា។

លោក Thaweesuk Chiaochanpreechakul អគ្គលេខាធិការនៃសហព័ន្ធការ៉ាតេថៃ ដែលកំពុងជិះរថយន្តដូចគ្នា បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Loei។

អ្នកនាង Kanokporn បានដើរតួនាទីយ៉ាងសំខាន់ ក្នុងភាពជោគជ័យនៃការ៉ាតេរបស់ប្រទេសថៃក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំនេះ ដែលក្រុមនេះទទួលបាន មេដាយមាស ៤ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ២ គ្រឿង ។ ប្រទេសថៃបានស្មើវៀតណាមជាមួយនឹមេដាយការ៉ាតេចំនួន ១១ សរុប ប៉ុន្តែបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីវៀតណាមទទួលបានមេដាយមាសចំនួន ៦គ្រឿង៕

Most Popular

To Top