ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីអេឡិចត្រូនិកឆ្នើមថៃ Warasin “Tokyogurl” នាង Naraphat ត្រូវបានហាមឃាត់មិនឲ្យចូលរួម ប្រកួតអាជីពអស់មួយជីវិត បន្ទាប់ពីមានរឿងអាស្រូវបន្លំនៃការប្រកួត Arena of Valor (RoV) នារី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី ៣៣ នៅលើទឹកដីកំណើតរបស់នាង។
សហព័ន្ធកីឡាអេឡិចត្រូនិកថៃ (TESF) បានបញ្ជាក់ពីការដកសិទ្ធិរបស់នាង Tokyogurl កាលពីថ្ងៃអង្គារ បន្ទាប់ពីការស៊ើបអង្កេតលើការប្រកួត RoV នារីទល់នឹងវៀតណាមកាលពីថ្ងៃចន្ទ។ នាង Tokyogurl ត្រូវបានគេរកឃើញថា បានរំលោភលើច្បាប់ណែនាំបច្ចេកទេសកីឡាអេឡិចត្រូនិក ដោយប្រើប្រាស់កម្មវិធីភាគីទីបីដែលគ្មានការអនុញ្ញាត និងរៀបចំឧបករណ៍ប្រកួត។
នៅថ្ងៃពុធ ស្ថាប័នគ្រប់គ្រងពាក់ព័ន្ធបានប្រកាសពីការឆ្លើយតបផ្នែកវិន័យ។ អ្នកចេញផ្សាយហ្គេម Garena បានហាមឃាត់ Tokyogurl ពីការប្រកួត RoV ទាំងអស់ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ ។ ក្រុមអាជីពរបស់នាងគឺ TALON បានបញ្ជាក់ពីការបញ្ចប់កិច្ចសន្យារបស់នាងភ្លាមៗ។ ម្រាប់គណៈកម្មាធិការរៀបចំ RoV Esports ពួកគេបានអនុវត្តកម្រិតវិន័យខ្ពស់បំផុតដោយចេញការហាមឃាត់ពេញមួយជីវិតដល់ Tokyogurl ដែលបិទរឿងអាស្រូវដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាអេឡិចត្រូនិកថៃ។
កាសែត Daily News របស់ថៃបានសរសេរថា ពីកីឡាការិនី ដែលធ្លាប់មានសក្តានុពលខ្លាំងម្នាក់ នាង Tokyogurl ប្រឈមមុខនឹងការពិន័យធ្ងន់ធ្ងរបំផុត ក្នុងអាជីពរបស់នាង ។ ហេតុការណ៍នេះបម្រើជាការដាស់តឿន ទាក់ទងនឹងក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព និងការលេងដោយយុត្តិធម៌ នៅលើឆាកអន្តរជាតិ ។
អាជ្ញាធរកីឡាថៃ (SAT) បាននិយាយថា ខ្លួននឹងគាំទ្រ TESF ក្នុងការពិចារណាចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង នាង Tokyogurl ប្រសិនបើរកឃើញធាតុផ្សំគ្រប់គ្រាន់ នៃការរំលោភបំពាននៅក្រៅវិសាលភាពកីឡា៕
