កីឡា

សិស្សគុនជាង ៥០ នាក់របស់សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់ចូលរួមការប្រឡងតំឡើងខ្សែក្រវាត់ខ្មៅ នៅមជ្ឈមណ្ឌលអភិឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា

ភ្នំពេញ៖ ការប្រឡងតំឡើងខ្សែក្រវាត់ខ្មៅជូនសិស្សនុសិស្សរបស់សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអភិឌ្ឍន៍ធនធានកីឡាជាតិកម្ពុជាស្ថិតក្នុងបរិវេណសាលាសិក្សាចៅពញ្ញាហុក ក្រោមការសហការរវាងសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ក្លិបកីឡាការ៉ាតេ-ដូ មិត្តប៉ូលីស ក្លិបកីឡាការ៉ាតេ-ដូ កម្ពុជា -ជប៉ុន និងសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ទី២ ដើម្បីបំផុសស្មារតីដល់កីឡាករគ្រប់វ័យចូលរួមប្រកួតដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជារួមចំណែកផលិតធនធានយុវជនកម្ពុជា ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ នៅព្រះរាជាណាចក្រកម្ពុជា។

លោកគ្រូ ឡាច ច័ន្ទដារ៉ា ប្រធានសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ បានមានប្រសាសន៍ថា ការប្រឡងតំឡើងខ្សែក្រវាត់ខ្មៅនាពេលនេះធ្វើឡើងក្នុងគោលបំណងស្វែងរកសិស្សពូកែ និងឆ្នើមប្រចាំសាលាគុន បង្កើតបរិយាសថ្មីសម្រាប់សិស្សានុសិស្សក្រៅពីការហ្វឹកហាត់ឲ្យខិតខំដុះខាត់សមត្ថភាពដើម្បីត្រៀមខ្លួនចូលរួមការប្រកួតនានាផ្ដល់ឱកាសដល់សិស្សានុសិស្សអាចបង្ហាញសមត្ថភាពតាមរយៈការប្រកួតលើកទឹកចិត្តសិស្សានុសិស្សឲ្យមានភាពក្លាហាន ហ៊ានជំនះភាពភ័យខ្លាច មានការតស៊ូ និងអត់ធ្មត់អនុញ្ញាតឲ្យសិស្សានុសិស្សអាចស្វែងយល់បន្ថែម និងទទួលបានបទពិសោធដោយផ្ទាល់អំពីដំណើរការ និងទិដ្ឋភាពនៃការចូលរួមការប្រកួត។

លោកប្រធានសាលាគុន សុរិយា បានបញ្ជាក់ថា ការប្រកួតនាថ្ងៃនេះ មានសិស្សចូលរួមសរុបចំនួន ៥០ នាក់មកពីថ្នាក់ហ្វឹកហាត់នៅមជ្ឈមណ្ឌលយុទ្ធសិល្ប៍បុរាណ កម្ពុជា-ជប៉ុន (ក្នុងបរិវេណស្ដាតអូឡាំពិក) សាលាគុនសុរិយា ការ៉ាតេ-ដូ សូតូកង់ និងក្លិបកីឡាការ៉ាតេ-ដូ មិត្តប៉ូលីស ក្លិបកីឡាការ៉ាតេ-ដូ កម្ពុជា -ជប៉ុន និងសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ទី២ នៃមជ្ឈមណ្ឌលអភិឌ្ឍន៍ធនធានកីឡាជាតិកម្ពុជានេះផ្ទាល់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមរំលឹកបន្ដិចអំពីប្រវត្តិសង្ខេបរបស់សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់។ ក្លឹបសុរិយា ដែលមានន័យថា “ព្រះអាទិត្យ” មានឈ្មោះល្បីល្បាញយូរលង់ណាស់មកហើយ ជាពិសេស គ្រូការ៉ាតេជាច្រើននៅកម្ពុជា ភាគច្រើនគឺជាសិស្ស នៃក្លិបសុរិយា។

ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ខ្មៅងងឹតរយៈពេទ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានដួលរលំទៅ ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទសុវណ្ណ ដែលបានលះបង់ និងចំណាយពេញមួយជីវិតដើម្បីចូលរួមអភិវឌ្ឍកីឡាការ៉ាតេ-ដូ កម្ពុជា លោកបានប្រមូលយុវជនក្មេងៗមកធ្វើការហ្វឹកហាត់កីឡាការ៉ាតេ-ដូ “ស្ទីលហ្គិនស៊ីរីយូ” នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨២ នៅក្លិបក្បាលមាន់ចែ ក្រោយមកដោយមានការរារាំង រករឿងមិនឲ្យមានការប្រមូលផ្តុំហ្វឹកហាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដូច្នេះក្លិបក៏មានការផ្លាស់ប្តូរជាញឹកញ៉ាប់នាសម័យនោះ។ លុះមកដល់ឆ្នាំ១៩៩០ ដោយមានការចុះកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីស ដូច្នេះការ៉ាតេក៏ត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាថ្មីឡើងវិញ។

ដោយមានការរីកចម្រើនឥតឈប់ឈរ ការ៉ាតេបានធ្វើទំនើបកម្មច្ចេកទេស ដើម្បីឲ្យស្មើមុខស្មើមាត់ នឹងប្រទេសក្នុងតំបន់ ខ្ញុំបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់បន្តពីឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទសុវណ្ណ ហើយបានខិតខំហ្វឹកហាត់ ប្រឹងប្រែង ជំនះគ្រប់ឧបសគ្គ ចំណាយពេលវេលាអស់ជាង ៣០ឆ្នាំ និងធនធានផ្ទាល់ខ្លួនជាច្រើនដើម្បីអភិវឌ្ឍក្លិបសុរិយាឲ្យបានក្លាយខ្លួនជា សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ មានហេដ្ឋារចនាសម្ព័ន្ធហ្វឹកហាត់សមរម្យ និងមានការទទួលស្គាល់ពីសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលមានលិខិត លេខ០០៧/២០១២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ នឹងមានទីតាំងនៅភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ មកដល់បច្ចុប្បន្ន មានសិស្សជាច្រើន មានសក្តានុពលរហូត ដល់បានសាងស្នាដៃជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ មានកីឡាករ ជ្រុន វីរៈបុត្រ ចូលរួមប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ ៦៧គ.ក ដណ្តើមបានមេដាយមាស និងកីឡាករ ឆេង ច័ន្ទដារ៉ារតនៈ ប្រកួតវិញ្ញាសាសម្តែងបុរសជាក្រុម ដណ្តើមបាន មេដាយសំរិទ្ធ ជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៦៤ឆ្នាំ ដែលការ៉ាតេកម្ពុជាធ្វើបាន។ រហូតមកដល់ពេលនេះ សាលាគុន នៅតែបន្ដបណ្ដុះបណ្ដាលសិស្សជាបន្ដបន្ទាប់ ដែលយើងអាចមើលឃើញពីការរីកធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយកូនៗទាំងអស់ដែលនៅទីនេះ គឺជាចំណែកនៃការរីកចម្រើនរបស់សាលាគុន។

លោកលោកគ្រូ ឡាច ច័ន្ទដារ៉ា បានបន្ថែមថា តាមរយៈការសង្កេត និងឆ្លងកាត់នូវបទពិសោធផ្ទាល់ ការហ្វឹកហាត់ការ៉ាតេ ពិតជាមានប្រយោជន៍ជាច្រើន សម្រាប់ខ្លួនឯង និងសង្គមជាតិ។ ក្នុងនោះសម្រាប់ខ្លួនឯងផ្ទាល់ ការហ្វឹកហាត់ការ៉ាតេជួយពង្រឹងកាយសម្បទា និងផ្លូវចិត្តឲ្យរឹងមាំ មានភាពរហ័សរហួន មានភាពអំណត់ តស៊ូ និងមានការតាំងចិត្តខ្ពស់ក្នុងការបំពេញកិច្ចការ។ ជាមួយគ្នានេះ សិស្សានុសិស្សទាំងអស់ក៏បានឆ្លៀតពេលធ្វើលំហាត់ប្រាណដើម្បីសុខភាព ជាជាងយកពេលវេលាទៅអង្គុយលេងទូរស័ព្ទ ឬលេងហ្គេមផ្សេងៗដែលមិនផ្ដល់ប្រយោជន៍សោះ។ ចំណែកឯសម្រាប់សង្គមជាតិ ការហ្វឹកហាត់ការ៉ាតេ អាចផ្ដល់ឱកាសដល់អ្នកហ្វឹកហាត់ដែលមានសមត្ថភាពបានតំណាងជាតិចូលរួមការប្រកួតជាមួយបណ្ដាប្រទេសផ្សេងៗផងដែរ។

មុននឹងបញ្ចប់ សូមកូនៗដែលចូលរួមប្រកួតនាពេលបន្ដិចទៀតនេះ សូមខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ជាការពិតណាស់ ការប្រកួតមានចាញ់ មានឈ្នះ ដូច្នេះសូមកូនៗដែលមិនទទួលបានលទ្ធផលជ័យលាភី កុំមានការអាក់អន់ចិត្ត ត្រូវបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ និងដុះខាត់សមត្ថភាពបន្ដទៀត ដើម្បីទទួលបានឱកាសចូលរួមការប្រកួតនាឱកាសក្រោយៗទៀត៕

ដោយ៖លី ភីលីព

Most Popular

To Top