ភ្នំពេញ ៖ ក្រុមកីឡាវាយកូនឃ្លីលើតុ Sigma Boi Team គ្រងតំណែងជើងឯក នៃការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាពពានរង្វាន់ក្រុមហ៊ុន CSCEC បន្ទាប់ពីក្រុមនេះ បានយកឈ្នះ លើក្រុមកីឡាវាយកូនឃ្លីលើតុ ក្រុមហ៊ុន CSCEC ក្នុងលទ្ធផល ៣ សិតទល់នឹង ១សិតវគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតកីឡាក រវាយកូនឃ្លីលើតុ ចំនួន ៨០ នាក់ បានចូលរួមព្រឹតិ្តការណ៍នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២ ៥ ក្នុងក្លិបវាយកូនឃ្លីលើតុ ស៊ីធីស្ពតច្បារអំពៅ រៀបចំដោយក្លិប វាយកូនឃ្លីលើតុ City Sport ច្បារអំពៅ សហការសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា និងក្រុមហ៊ុន CSCEC។

ក្រុមកីឡាវាយកូនឃ្លីលើតុ Sigma Boi Team គ្រងតំណែងជើងឯកនៃការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាពពានរង្វាន់ក្រុមហ៊ុន CSCEC ក្រុមកីឡាវាយកូនឃ្លីលើតុ ក្រុមហ៊ុន CSCEC ទទួលបានជើងឯករង ខណៈក្រុមកីឡាវាយកូនឃ្លីលើតុ Srey Aun Silk Store ទទួលបានចំណាត់ថ្នាក់លេខ ៣ និងក្រុមកីឡាវាយកូនឃ្លីលើតុ ក្រុមហ៊ុន អាគុយ ហេង ស្រេង ទទួលបានចំណាត់ថ្នាក់លេខ ៣ដូចគ្នា។

លោក តាន់ សុភ័ក្រ្ត ប្រធានគណៈកម្មការរៀបចំការ ប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ក្រុមហ៊ុន CSCEC បានគូសបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានរៀបចំឡើង ដើម្បីបំផុស ស្មារតីដល់កីឡាករគ្រប់វ័យ ចូលរួមប្រកួតដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជារួមចំណែកផលិតធនធាន យុវជនកម្ពុជា ក្នុងដំណើរត្រៀម ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ នៅព្រះរាជាណាចក្រកម្ពុជា ។
គោលបំណងនៃការរៀបចំនេះ គឺដើម្បីបំផុសចលនាកីឡា វាយកូនឃ្លីលើតុឱ្យកាន់តែផុសផុល និងផ្តល់ឱកាសដល់កីឡាករគ្រប់វ័យ ទូទាំងប្រទេបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ ការប្រកួតនេះមានកីឡាករមកពីក្លឹបនានាចូលរួមសរុបចំនួន ៨០នាក់មកពី១៦ក្រុមផ្សេងៗគ្នា ដោយមិនបែងចែកវ័យនោះទេ។

លោក តាន់ សុភ័ក្រ្ត បានលើកឡើងទៀតថា តាមពិតកីឡាករផ្សេងៗទៀត ចង់ចូលរួមប្រកួតច្រើនជាង៨០នាក់ ដោយសារតែការប្រកួតនេះ មានតែរយៈពេល១ថ្ងៃប៉ុណ្ណោះ ដូច្នេះគណៈកម្មការរៀបចំមិនអាចទទួលការ ចូលរួមច្រើនជាងនេះបាន។ ជាមួយគ្នានេះ តាមរយៈព្រឹត្តិការណ៍ប្រកួតនេះ លោកបានចាត់ទុកថា ពានរង្វាន់នេះ គឺជាការរួមចំណែកដ៏ធំមួយជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងការបំផុសដល់កីឡាករទូទៅ ជាពិសេសគឺយុវជន បានចូលរួមបង្ហាញគុណភាពបច្ចេកទេសរបស់ខ្លួន ក្នុងន័យដ៏សំខាន់ក្នុងការផលិតធនធានកីឡាករវ័យក្មេងរួមចំណែកជាមួយសហព័ន្ធ ក្នុងដំណើរត្រៀមឆ្ពោះ ទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជន អាស៊ី នាឆ្នាំ២០៣១ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា ដែលជាព្រឹត្តិការណ៍ ដ៏ធំកម្រិត យុវជនទ្វីបអាស៊ីទាំងមូល ដោយមាន៤៥ប្រទេសចូលរួម ។

លោក តាន់ សុភ័ក្រ្ត បានសង្កត់ធ្ងន់ថា ថ្វីដ្បិតការប្រកួតនេះជាពានរង្វាន់ក្រុមហ៊ុនក៏ពិតមែន ប៉ុន្តែព្រឹត្តិការណ៍នេះនឹងជួយជំរុញបន្ថែម ក្នុងការលើកកម្ពស់ ដល់កីឡាករទូទៅ ជាពិសេសយុវជនបានកសាងសមត្ថភាពឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ក៏ដូចជាព្រឹត្តិការណ៍ជាតិ និងអន្តរជាតិផ្សេងៗទៀតផងដែរ ។ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ CSCEC ឆ្នាំ២០២៥នេះមានកីឡាករយុវជនចូលរួមប្រមាណ ៥០ទៅ៦០%ដែរ។ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ រូបនេះបានគូសបញ្ជាក់ថា ការប្រកួតនេះគ្រោងនិងរៀបចំឡើងជារៀងរាល់ឆ្នាំ ៕




