ព័ត៌មានអន្តរជាតិ

លោក Elon Musk ក្លាយជាមនុស្សដំបូងគេបង្អស់ លើពិភពលោកមានទ្រព្យសម្បត្តិ ៧០០ ពាន់លានដុល្លារ បន្ទាប់ពីតុលាការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀង បង់ប្រាក់របស់ Tesla

អាមេរិក ៖ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Forbes បាននិយាយថា ទ្រព្យសម្បត្តិសុទ្ធរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានកើនឡើងដល់ ៧៤៩ ពាន់លានដុល្លារនៅថ្ងៃសុក្រ បន្ទាប់ពីតុលាការកំពូលរដ្ឋ Delaware បានស្ដារឡើងវិញនូវជម្រើសភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មានតម្លៃ ១៣៩ ពាន់លានដុល្លារដែលត្រូវបាន លុបចោលកាលពីឆ្នាំមុន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express  ។

កញ្ចប់ប្រាក់បៀវត្សរ៍ឆ្នាំ ២០១៨ របស់លោក Musk ដែលធ្លាប់មានតម្លៃ ៥៦ ពាន់លានដុល្លារ ត្រូវបានស្ដារឡើងវិញដោយតុលាការកំពូលរដ្ឋ Delaware នៅថ្ងៃសុក្រ ២ឆ្នាំបន្ទាប់ពីតុលាការជាន់ទាបបានលុបចោលកិច្ចព្រមព្រៀងសំណងនេះថា មិនអាចយល់បាន។ តុលាការកំពូលបាននិយាយថា សេចក្តីសម្រេចឆ្នាំ ២០២៤ ដែលបានលុបចោលកញ្ចប់ប្រាក់បៀវត្សរ៍នេះ គឺមិនសមរម្យ និងមិនយុត្តិធម៌ចំពោះលោក Musk។

កាលពីដើមសប្តាហ៍នេះ លោក Musk បានក្លាយជាមនុស្សដំបូងគេបង្អស់ដែលមានទ្រព្យសម្បត្តិសុទ្ធលើសពី ៦០០ ពាន់លានដុល្លារ បន្ទាប់ពីមានរបាយការណ៍ថា ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មផ្នែកអវកាសរបស់គាត់ទំនងជានឹងចេញលក់ជាសាធារណៈ។

កាលពីខែវិច្ឆិកា ភាគទុនិក Tesla បានអនុម័តដោយឡែកពីគ្នានូវផែនការបើកប្រាក់ចំនួន ១ ពាន់ពាន់លានដុល្លារសម្រាប់លោក Musk ជាកញ្ចប់បើកប្រាក់របស់ក្រុមហ៊ុនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈវិនិយោគិនបានគាំទ្រចក្ខុវិស័យលើលោកសម្រាប់ការប្រែក្លាយក្រុមហ៊ុនផលិតរថយន្ត EV ទៅជាក្រុមហ៊ុន AI និងមនុស្សយន្តដ៏ធំមួយ។

នេះបើយោងតាមបញ្ជីមហាសេដ្ឋីរបស់ Forbes បានបន្តថា ទ្រព្យសម្បត្តិរបស់លោក Musk ឥឡូវនេះលើសពីទ្រព្យសម្បត្តិរបស់លោក Larry Page សហស្ថាបនិកក្រុមហ៊ុន Google ជាអ្នកមានបំផុតទីពីររបស់ពិភពលោក ជិត ៥០០ ពាន់លានដុល្លារ ៕

Most Popular

To Top