ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៣ដល់២៦ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចូលរួម ១៤២នាក់ក្នុង ចំណោមកីឡាករ-កីឡាការិនីសរុបទាំងអស់ គឺកីឡាករវ័យក្មេង ១៦ ឆ្នាំឡើងមានចំនួនកើនឡើងទាំងបរិមាណ និងគុណផលបច្ចេកទេសគួរឱ្យកត់សម្គាល់។
លោក ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ថ្ងៃទី១នេះ គឺមានការរៀបចំការប្រកួតជិត ៤០ប្រកួត ដែលជាវិញ្ញាសាថ្នាលភាគច្រើនផ្តោតលើវិញ្ញាសាក្រោមអាយុ១៦ឆ្នាំ និងក្រោម១៩ឆ្នាំ ខណៈសហព័ន្ធទើបញ្ជូលវិញ្ញាសាថ្មី ក្រោមអាយុ១៦ឆ្នាំ ដើម្បីពង្រឹងដល់កីឡាករ កីឡាការិនីថ្នាល។
លោកប្រធានបានបញ្ជាក់ថា សម្រាប់៥ទៅ៦ខេត្ត ដែលជាប់ព្រំដែនថៃបានអាក់ខាន ក្នុងការចូលរួមប្រកួត ដោយសារតែបានភៀសសឹក ដោយចំនួនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសុរបបានត្រឹម ១៤២នាក់ប៉ុណ្ណោះ។ ប៉ុន្តែបើមិនគ្មានការឈ្លានពានរបស់យោធាថៃនោះទេ ប្រធានសហព័ន្ធជឿជាក់ថា ការចូលរួមប្រកួតទូទាំងប្រទេសនឹងអាចកើនឡើងដល់ជាង ២០០នាក់ឯណោះ។ យ៉ាងណា ចំនួន១៤២នាក់នេះក៏បានកើនឡើងច្រើនជាងការប្រកួតជើងឯកថ្នាក់ជាតិ កាលពីឆ្នាំមុនដែរ។
លោក ប៊ុយ សុភ័ណ្ឌ បានអះអាងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ យុវជនចាប់ពី១៦ឆ្នាំឡើងទៅគឺមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសគឺគុណផលបច្ចេកទេសក៏ល្អប្រសើរផងដែរ ដោយអាចប្រកួតឈ្នះកីឡាករជើងចាស់ ដែលធ្លាប់ឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម កាលពីឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ជារួម គឺកីឡាករវ័យក្មេងមានសមត្ថភាពល្អប្រសើរជាងឆ្នាំមុន។
ប្រធានសហព័ន្ធបន្ថែមថា កាលណាកីឡាករកើនឡើងច្រើន ក្នុង១វិញ្ញាសា ឬប្រភេទទម្ងន់ នោះការប្រកួតត្រូវឆ្លងកាត់ច្រើនដំណាក់កាល មុនឈានដល់ការដណ្តើមមេដាយនីមួយៗ។ មេដាយនៃវិញ្ញាសានីមួយៗមិនមានមេដាយសំរឹទ្ធស្ទួននោះទេ ដោយ១វិញ្ញាសាមានត្រឹមតែមេដាយមាស ប្រាក់ និងសំរឹទ្ធប៉ុណ្ណោះ ដូច្នេះកម្រិតមេដាយសំរឹទ្ធក៏ត្រូវប្រកួតដណ្តើមដែរ។
អ្វីដែលប្លែកសម្រាប់ឆ្នាំនេះ ការប្រកួតកម្រតិបច្ចេកទេសខ្ពស់បំផុតរបស់ថ្នាក់ជាតិមួយនេះបានអនុញ្ញាតឱ្យកីឡាករបរទេសចូលរួមប្រកួតដែរ ដើម្បីជាការដកបទពិសោធន៍សម្រាប់កីឡាករជម្រើសជាតិកម្ពុជា ក៏ដូចជាកីឡាករកម្ពុជាផ្សេងៗទៀតបានចូលរួមប្រកួតជាមួយកីឡាករបរទេស។
ជាក់ស្តែងការប្រកួតដែលមិនធ្លាប់ប្រកួតជាមួយកីឡាករបរទេស កីឡាករកម្ពុជាហាក់ចាញ់ប្រៀបក្នុងការប្រកួត ដោយសារតែពួកគាត់មិនធ្លាប់ប្រកួតជាមួយបរទេស ដែលធ្លាប់តែប្រកួតជាមួយកីឡាករខ្មែរគ្នាឯង។ ដូច្នេះយុទ្ធសាស្ត្រនៃការអនុញ្ញាតឱ្យកីឡាករបរទេសចូលរួមប្រកួតជាមួយកីឡាករកម្ពុជា ក្នុងជើងឯកថ្នាក់ជាតិនេះ ជាឱកាសបន្ស៊ាំកីឡាករកម្ពុជាបានចូលរួមប្រកួតជាមួយកីឡាករបរទេសល្អៗឱ្យមានបទពិសោធន៍ផងដែរ៕
ដោយ៖លី ភីលីព
