ខេត្តសៀមរាប៖ លោក ប៉ុន សុខ អគ្គនាយកកីឡាអមដំណើរលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូ ក្រសួងអប់រំ យុវជន និងកីឡា ជួបសំណេះសំណាល ជាមួយប្រធានមន្ទីរ តំណាងបុគ្គលិកអប់រំ ខេត្តទាំង ៦ ដែលរងការប៉ះពាល់ដោយសង្គ្រាមព្រំដែន ជាមួយប្រទេសថៃ។

ក្នុងនោះរួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់ និងបាននាំយក នូវសម្ភារៈប្រើប្រាស់ សម្ភារៈសិក្សា គ្រឿង ឧបភោគបរិភោគ និងការឧបត្ថម្ភនានា ដែលទទួលបាន ពីសប្បុរសជន ប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីបែងចែកបន្តដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សភៀសសឹកនៅតាមខេត្តរបស់ខ្លួន ។ ដោយឡែកសម្រាប់ខេត្តកោះកុង ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ចែងក្រុមការងារ ដើម្បីដឹកជញ្ជូន សម្ភារៈឧបត្ថម្ភទាំងនេះ ទៅប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ផងដែរ។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការយកចិត្ត ទុកដាក់យ៉ាងកក់ក្តៅ ចំពោះសុខទុក្ខ របស់បងប្អូនភៀសសឹក ព្រមទាំងបានលើកទឹកចិត្ត ឱ្យបន្តរក្សាស្មារតីសាមគ្គីគ្នាឲ្យរឹងមាំ អង់អាចក្លាហាន ដោយលើកឡើងថា រាជរដ្ឋាភិបាល មិនទុកប្រជាពលរដ្ឋម្នាក់ណាចោលឡើយ ហើយនឹងនៅតែប្រឹងប្រែងអស់ ពីសមត្ថភាពក្នុងការសម្រេចឲ្យបាន នូវសុខសន្តិភាពបរិបូរណ៌ជូនកម្ពុជា ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបថ្ងៃនេះគឺសារបង្ហាញពីទឹកចិត្តស្មោះស្ម័គ្រ ស្នេហាជាតិ ឯកភាពជាតិ និង សាមគ្គីភាព រវាងរដ្ឋាភិបាល វិស័យឯកជន និងប្រជាជន មកពីគ្រប់មជ្ឈដ្ឋានទាំងអស់ តាមរយៈការបន្ត ជួយគាំទ្រ ឧបត្ថម្ភជាស្បៀងអាហារ សម្ភារៈឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងសម្ភាសិក្សាដល់បុគ្គលិក អប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សភៀសសឹក និងសូមបន្តរក្សាស្មារតីរួបរួមគ្នា ជាធ្លុងមួយឱ្យរឹងមាំ ប្រឹងប្រែងតស៊ូជម្នះ ហែលឆ្លងគ្រាដ៏លំបាកនេះជាមួយគ្នា ។

ការចូលរួមឧបត្ថម្ភរបស់សប្បុរសជនទាំងអស់ មិនត្រឹមសបញ្ជាក់ពីទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងគឺជាកម្លាំងចិត្តដ៏សំខាន់ ជំរុញឲ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក ទាំងអស់បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចអប់រំ ចំណែកសិស្សានុសិស្សភៀសសឹក ក៏នៅតែបន្តខិតខំ យកចិត្តទុកដាក់រៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីក្លាយជាកម្លាំង ចលករចូលរួមចំណែក ក្នុងការអភិវឌ្ឍជាតិនាពេលអនាគត ។

ជាថ្មីម្តងទៀតតាមក្រសួង អប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមបង្ហាញនូវការដឹង គុណយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រជាទីបំផុត ចំពោះវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូការពារបូរណភាពទឹកដី នៅឯនាយព្រំដែន និងបង្ហាញ នូវការគាំទ្រដល់ចំណាត់ការ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុង ខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្តទប់ទល់ នឹងការឈ្លានពាន របស់ប្រទេសថៃផង និងចរចាស្វែងរកសន្តិភាពផង៕


