បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង ប៉េកាំងបាននិយាយថា ការហាមប្រាម របស់សហរដ្ឋអាមេរិក លើការនាំចូលយន្តហោះគ្មានមនុស្ស បើកបរទេសថ្មីគឺជាការរើសអើង ប្រឆាំងនឹងក្រុមហ៊ុនចិន ហើយគួរតែត្រូវបាន សម្រេចចិត្តឡើងវិញ។
ក្រុមហ៊ុនផលិត យន្តហោះដ្រូន UAV ដែលមានមូលដ្ឋាន នៅទីក្រុង Shenzhen DJI ដែលជាក្រុមហ៊ុនធំ ជាងគេលើពិភពលោក បច្ចុប្បន្នលក់បានជាងពាក់កណ្តាល នៃយន្តហោះគ្មានមនុស្សបើកពាណិជ្ជកម្មទាំងអស់ ដែលដំណើរការនៅសហរដ្ឋអាមេរិក។
កាលពីថ្ងៃចន្ទ គណៈកម្មការទំនាក់ទំនង សហព័ន្ធអាមេរិក ដែលហៅកាត់ថាFCC បានហាមឃាត់ការនាំចូលយន្តហោះ គ្មានមនុស្សបើកដែលផលិតដោយបរទេស និងធាតុផ្សំសំខាន់ៗទាំងអស់។
FCCលើកឡើងពីហានិភ័យដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិ។ ការបន្ថែមទៅលើ បញ្ជីគ្របដណ្តប់របស់ FCC មានន័យថាក្រុមហ៊ុនមកពីប្រទេសចិន និងប្រទេសផ្សេងទៀតនឹងមិនអាចទទួលបានការយល់ព្រមដើម្បីចែកចាយម៉ូដែល UAV នាពេលខាងមុខរបស់ពួកគេនៅក្នុងប្រទេសនោះទេ។
គួរឲ្យដឹងដែរថា ជាការឆ្លើយតបអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian ត្រូវបានសួរអំពីការហាមប្រាម ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅពេលក្រោយ ដោយនិយាយថា ទីក្រុងប៉េកាំង ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិក ដែលពង្រីកគំនិតសន្តិសុខជាតិ និងបង្កើតបញ្ជីរើសអើងដើម្បីតាមដានក្រុមហ៊ុនចិន។
ប្រែសម្រួល៖ស៊ុនលី
