រុស្ស៊ី៖ទីភ្នាក់ងារ អវកាស Roscosmos បានប្រកាសថា រុស្ស៊ីមានគម្រោង ដាក់ឲ្យដំណើរការស្ថានីយ៍ ថាមពលនៅ លើភពព្រះច័ន្ទ ក្នុងរយៈពេលមួយទសវត្សរ៍ ដោយនិយាយថា ខ្លួនបានចុះកិច្ចសន្យាជាមួយ NPO Lavochkin ជាអ្នកអភិវឌ្ឍន៍ឈានមុខគេ របស់ប្រទេស នៃបេសកកម្មអវកាសជ្រៅ និងភព ដើម្បីអនុវត្តការងាររហូតដល់ឆ្នាំ២០៣៦ លើគម្រោងមួយនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រ RT។
Roscosmos បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា គោលបំណងនៃកន្លែងនេះ ដើម្បីផ្តល់ការផ្គត់ផ្គង់ ថាមពលរយៈពេលវែង សម្រាប់យានរុករកភពព្រះច័ន្ទ និងកន្លែងសង្កេត ក៏ដូចជាសម្រាប់ស្ថានីយ៍ ស្រាវជ្រាវឋានព្រះច័ន្ទអន្តរជាតិ (ILRS) ដែលដឹកនាំដោយប្រទេសចិន។
NPO Lavochkin បានដឹកនាំបេសកកម្មសំខាន់ៗ របស់សូវៀតទៅកាន់ភពព្រះច័ន្ទ និងភពសុក្រ ហើយនៅតែជា អ្នកអភិវឌ្ឍន៍ឈានមុខគេ សម្រាប់បេសកកម្មឋានព្រះច័ន្ទបច្ចុប្បន្នរបស់រុស្ស៊ី។ សាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom និងវិទ្យាស្ថាន Kurchatov ជាមជ្ឈមណ្ឌលស្រាវជ្រាវជាតិ ឈានមុខគេរបស់ប្រទេសសម្រាប់វិទ្យាសាស្ត្រនុយក្លេអ៊ែរ នឹងចូលរួមក្នុងគម្រោងនេះ។
ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ Roscosmos មានគម្រោងអភិវឌ្ឍយានអវកាស ធ្វើតេស្តពិសោធន៍លើដី ធ្វើតេស្តហោះហើរ និងដាក់ហេដ្ឋារចនាសម្ព័ន្ធ នៅលើភពព្រះច័ន្ទ។
Roscosmos បានបញ្ជាក់ថា គម្រោងនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការបង្កើតស្ថានីយ៍ភពព្រះច័ន្ទ វិទ្យាសាស្ត្រ ដែលដំណើរការជាអចិន្ត្រៃយ៍ និងផ្លាស់ប្តូរ ពីបេសកកម្មម្តងម្កាល ទៅជាកម្មវិធីរយៈពេលវែង នៃការរុករកភពព្រះច័ន្ទ៕
