ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង លោក Emmanuel Macron ចោទសហរដ្ឋអាមេរិកពីបទ “បំភិតបំភ័យ” ប្រឆាំងនឹងសហភាពអឺរ៉ុប

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការរឹតបន្តឹងទិដ្ឋាការរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយចំនួន ស្មើនឹង “ការបំភិតបំភ័យ និងការបង្ខិតបង្ខំ” ក្នុងគោលបំណងធ្វើឱ្យខូចដល់គោលនយោបាយ និងអធិបតេយ្យភាពឌីជីថលរបស់ប្លុកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់ទណ្ឌកម្មថ្មីលើលោក Thierry Breton ដែលជាអតីតស្នងការអឺរ៉ុបសម្រាប់ទីផ្សារផ្ទៃក្នុងដែលត្រូវបានតែងតាំងដោយលោក Macron ផ្ទាល់ និងមន្ត្រីបួននាក់ផ្សេងទៀតលើអ្វីដែលខ្លួនបានពិពណ៌នាថា ជា “កិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខិតបង្ខំវេទិកាអាមេរិកដើម្បីដាក់ទណ្ឌកម្មទស្សនៈអាមេរិកដែលពួកគេប្រឆាំង” ។

ចំណុចស្នូលនៃជម្លោះគឺច្បាប់ទីផ្សារឌីជីថល និងច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប ដែលកំណត់កាតព្វកិច្ចប្រកួតប្រជែងដ៏តឹងរ៉ឹង និងតម្លាភាពនៅលើវេទិកាអនឡាញធំ។ ដោយសារក្រុមហ៊ុនបែបនេះភាគច្រើន – រួមទាំង Microsoft, Google, Meta និង Amazon – មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក មន្ត្រីអាមេរិកបានអះអាងថា ក្របខ័ណ្ឌនេះគឺជាការរើសអើង។ ជាពិសេស លោក Breton ស្ថិតក្នុងចំណោមមន្ត្រីដែលដើរតួយ៉ាងសំខាន់ក្នុងការបង្កើតសៀវភៅច្បាប់ឌីជីថលរបស់សហភាពអឺរ៉ុប។

ភាពតានតឹងបានកើនឡើងបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុបបានពិន័យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Elon Musk ចំនួន ១២០ លានអឺរ៉ូ ឬ ប្រហែល១៣០ លានដុល្លារ កាលពីដើមខែធ្នូក្រោមច្បាប់សេវាកម្មឌីជីថល។ មន្ត្រី​អាមេរិក​បាន​រិះគន់​ចំណាត់ការ​នេះ​ថា​ ជា​ការ​បង្ក​គ្រោះថ្នាក់​ដល់​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ជា​គោលដៅ​ក្រុមហ៊ុន​អាមេរិក​ដោយ​អយុត្តិធម៌៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top