កីឡា

លោក វ៉ាត់ ចំរើន ៖ អំណោយ សប្បុរសធម៌ ជូនជនភៀសសឹកពី IOC និង OCA បង្ហាញថា កម្ពុជាពិតជារងគ្រោះ ដោយសារសង្គ្រាមពិតប្រាកដ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ដែលបានផ្តល់អំណោយសប្បុរធម៌ សម្រាប់ជនភៀសសឹកកម្ពុជា បានបង្ហាញថា ដោយសារគេមើលឃើញថា សង្គ្រាមដែលកើតឡើង ពីការឈ្លានពាននេះ គឺចលនាអូឡាំពិកពិភពលោក បានទទួលស្គាល់ថា កម្ពុជាជាជនរងគ្រោះ។ នេះជាចំណុចសំខាន់ ដែលជាជំនួយស្មារតីមួយ ក្នុងការផ្តល់ជូនយុត្តិធម៌ សម្រាប់ជនភៀសសឹកកម្ពុជា យើងថា យើងពិតជារងគ្រោះ ដោយសារសង្គ្រាមឈ្លាន ពានពិតប្រាកដមែន ។

លោក វ៉ាត់ ចំរើន បញ្ជាក់ទៀតថា ក្នុងនាមលោកបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC និងគណៈកម្មាធិការ ប្រតិបត្តិ NOCC បានចូលរួមទទួលអំណោយជនភៀសសឹក របស់អូឡាំពិក (Olympic Refugees Foundations) ជាគម្រោងពិសេសមួយ របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដោយស្ថាប័នអន្តរជាតិទាំងពីរនេះ បានពិនិត្យលើហេតុផលច្បាស់លាស់ណាស់ ដោយមិនមែនចេះតែផ្តល់ជូននោះទេ មុននឹងសម្រេចចិត្តផ្តល់ ជូនអំណោយសប្បុរសធម៌ មកដល់កម្ពុជា ។

លោក វ៉ាត់ ចំរើន បានពន្យល់ថា បើទោះបីជាជនភៀសសឹក បានផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងក៏ដោយ ក៏ពួកគាត់ មានសិទ្ធិលេងកីឡា ដោយគេមិនអាចបិទសិទ្ធិលេងកីឡា របស់ពួកគាត់បានទេ ពីព្រោះថា នៅក្នុងចំណោម ជនភៀសសឹកក៏មានកីឡាករ នៅក្នុងនោះដែរ ។ ដូច្នេះ យើងឃើញថា ជាស្មារតី ដែលយើងទទួលបាននូវអំណោយពី IOC និង OCA នាពេលនេះ គឺដើម្បីផ្តល់ដល់ជនភៀសសឹកកម្ពុជា ដោយសារគេមើលឃើញថា សង្គ្រាមដែលកើតឡើង ពីការរំលោភបំពាននេះ គឺចលនាអូឡាំពិកពិភពលោកបានទទួលស្គាល់ថា កម្ពុជាជាជនរងគ្រោះ ។ នេះជាចំណុចសំខាន់ ដែលជាជំនួយស្មារតីមួយ ក្នុងការផ្តល់ជូនយុត្តិធម៌ សម្រាប់ជនភៀសសឹកកម្ពុជាយើងថា យើងពិតជារងគ្រោះ ដោយសារសង្គ្រាម ឈ្លានពានពិតប្រាកដមែន ។

លោកអគ្គលេខាធិការបន្ថែមថា ការផ្តល់ជូន នូវអំណោយជនភៀស សឹករបស់ IOC និង OCA នេះត្រូវបានធ្វើឡើង ក្នុងស្មារតីស្រប តាមគោលការណ៍ ដោយបានចុះ MOU ជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសសឹក (UNHCR) សម្រាប់ប្រទេសណា ដែលមានសង្គ្រាម ឬគ្រោះមហន្តរាយធំៗផ្សេងៗទៀត ទើបគេផ្តល់អំណោយ សប្បុរសធម៌បែបនេះ ក្នុងគោលបំណងរួមចំណែកជាមួយអង្គការសហប្រជាជាតិ ដើម្បីសម្រាលបន្ទុកទុក្ខលំបាក និងបន្តលើកទឹកចិត្តឲ្យជនភៀសសឹក យុវជន និងកុមារមានសិទ្ធិរស់មានមានជីវិត មានឱកាសសិក្សារៀនសូត្រ ព្រមទាំងមានឱកាសលេងកីឡាផងដែរ ។ អំណោយដែលទទួល បានផ្ទាល់ពីចលនាអូឡាំពិកអន្តរជាតិ និងចលនាអាស៊ីសម្រាប់ជនភៀសសឹកកម្ពុជា នាពេលនេះ មានដូចជាអង្ករ សៀវភៅ សម្ភារសិក្សាជាច្រើនទៀត សម្ភារកីឡា រួមទាំងកញ្ចប់ពេទ្យ ជាច្រើនតោនផងដែរ។

លោកបានបន្ថែមថា ដូច្នេះក្នុងនាមចលនាអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ នៅតែឈរលើស្មារតីមនុស្សធម៌ និងអំពាវនាវឱ្យមានការ បញ្ឈប់សង្គ្រាមឈ្លានពាន ធ្វើឱ្យមានជនភៀសសឹក ដែលជាសោកនាដកម្មមួយ។ សម្រាប់គម្រោងចែកចាយអំណោយទាំងនេះនឹងចែកជាពីរផ្នែក ក្នុងនោះនឹងចែកជូនដល់ជនភៀសសឹក នៅខេត្តឧត្តរមានជ័យ និងមួយចំណែកធំទៀត រួមទាំងថវិកា៨លានរៀលទៀតនឹងបរិច្ចាគតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ជាស្ថាប័នតំណាងឲ្យរាជរដ្ឋាភិបាលនឹងចែកជូនជនភៀសសឹកជាគ្រូបង្រៀន និងសិស្សានុសិស្ស សម្រាប់សកម្មភាពអប់រំភ្ជាប់ជាមួយនឹងកីឡាផងដែរ។

Most Popular

To Top