បរទេស៖ ទីក្រុងប៉េកាំងបានចោទសហរដ្ឋអាមេរិកពីការប៉ុនប៉ង “ជំរុញឱ្យមានជម្លោះរវាងប្រទេសចិន និងប្រទេសដទៃទៀត” និងកំពុងស្វែងរកការធ្វើឱ្យខូចដល់ទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានចាត់ទុកវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកថា “គ្មានការទទួលខុសត្រូវ” ដោយសំដៅទៅលើរបាយការណ៍របស់មន្ទីរបញ្ចកោណនាពេលថ្មីៗនេះស្តីពីទំនាក់ទំនងជាមួយឥណ្ឌា។
លោក លោក Lin Jianថា “របាយការណ៍របស់សហរដ្ឋអាមេរិក គឺបំភ្លៃគោលនយោបាយការពារជាតិរបស់ចិន ស្វែងរកការជំរុញឱ្យមានជម្លោះរវាងប្រទេសចិន និងប្រទេសដទៃទៀត និងផ្តល់លេសសម្រាប់រក្សាអនុត្តរភាពយោធារបស់ខ្លួន។ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ” ។
លោក Lin បានឆ្លើយសំណួររបស់អ្នកឆ្លើយឆ្លងព័ត៌មាន RT លើរបាយការណ៍របស់មន្ទីរបញ្ចកោណដែលចេញផ្សាយនាពេលថ្មីៗនេះ ដែលលើកឡើងថា ប្រទេសចិន “ប្រហែលជាស្វែងរកឱកាសឆ្លៀតយកបហរយោជន៍” លើការថយចុះភាពតានតឹងតាមបណ្តោយបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង (LAC) ដែលជាព្រំដែនជម្លោះជាមួយឥណ្ឌា ដើម្បីធ្វើស្ថិរភាពទំនាក់ទំនងទ្វេភាគី និង “ទប់ស្កាត់ភាពស៊ីជម្រៅ” នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា៕
ប្រែសម្រួលៈ ណៃ តុលា
