ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី ក្រសួងការពារជាតិ ដណ្តើមបានជើងឯក ខណៈក្រុមកីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃទទួលបានតំណែងជើងឯករង នៃការប្រកួតកីឡាប្រដាល់សកល ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៥ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការរៀបចំ ដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ។

នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពិធីបិទការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើង ឯកថ្នាក់ជាតិឆ្នាំ២០២៥ នៅ សាលកីឡាការ៉ាតេ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួម លោកសាស្រ្តាចារ្យ ឆឹង យ៉ៅយ៉េន ប្រធានកិត្តិយសសហព័ន្ធ ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងលោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។

ក្រសួងការពារជាតិដណ្តើមបានជើងឯក ដោយឈ្នះមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខណៈក្រសួងមហាផ្ទៃទទួលបានជើងឯករង ឈ្នះមេដាយមាស ៤ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្លិបតាឡីដីរីមានរិទ្ធ ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លិបតាអាតសំអុល និងក្លិបពន្លឺថ្មីកីឡាឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។
សូមជម្រាបជូនថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុប ១៩៧ រូប មកពី ២២ សមាគមរាជធានីខេត្ត ក្នុងនោះសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃចាត់បញ្ចូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមចំនួន១៥រូប ដោយដណ្ដើមបានមេដាយសរុប ៧ គ្រឿង រួមមានមាស៤គ្រឿង និងសំរឹទ្ធ៣គ្រឿង។




