ព័ត៌មានជាតិ

លោក ប៊ុយ សុភ័ណ្ឌ ដឹកនាំអំណោយ របស់ IOC និង OCA ជូនជនភៀសសឹក ក្រោមជំនួយមនុស្សធម៌ ចលនា អូឡាំពិក

ខេត្តឧត្តរមានជ័យ ៖ អំណោយសប្បុរធម៌ សម្រាប់ជនភៀសសឹកកម្ពុជា របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) តាមរយៈគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) រួមមានស្បៀងអាហារ សម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់ ក្រោមជំនួយមនុស្សធម៌ចលនា អូឡាំពិក ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំក្រុមការងារ ធ្វើដំណើរទៅដល់ស្រុកស្រីស្នំ ខេត្តសៀមរាប ទី២៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ ដើម្បីជញ្ជូនស្បៀងអាហារ សម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់ក្រោមជំនួយមនុស្សធម៌ចលនាអូឡាំពិកជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ។

ការផ្តល់ជូននូវអំណោយជនភៀសសឹករបស់ IOC និង OCA នេះត្រូវបានធ្វើឡើង ក្នុងស្មារតីស្របតាមគោលការណ៍ ដោយបានចុះ MOU ជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសសឹក (UNHCR) សម្រាប់ប្រទេសណា ដែលមានសង្គ្រាម ឬគ្រោះមហន្តរាយធំៗផ្សេងៗទៀត ទើបគេផ្តល់អំណោយសប្បុរសធម៌បែបនេះ ក្នុងគោលបំណងរួមចំណែកជាមួយអង្គការសហប្រជាជាតិ ដើម្បីសម្រាលបន្ទុកទុក្ខលំបាក និងបន្តលើកទឹកចិត្តឲ្យជនភៀសសឹក យុវជន និងកុមារមានសិទ្ធិរស់មានមានជីវិត មានឱកាសសិក្សារៀនសូត្រ ព្រមទាំងមានឱកាសលេងកីឡាផងដែរ៕

Most Popular

To Top