ព័ត៌មានអន្តរជាតិ

WHO ៖គ្រឿងស្រវឹងបានសម្លាប់ជនជាតិអឺរ៉ុប ៨០០,០០០ នាក់ជារៀងរាល់ឆ្នាំ

អឺរ៉ុប៖ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការប្រើប្រាស់គ្រឿងស្រវឹងកំពុងបណ្តាលឲ្យមានមនុស្សស្លាប់ប្រហែល ៨០០,០០០ នាក់ជារៀងរាល់ឆ្នាំនៅអឺរ៉ុប ដែលមានចំនួនមួយក្នុងចំណោម ១១ នាក់នៃការស្លាប់នោះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

ព័ត៌មានថ្មីមួយបានចេញផ្សាយក្នុងសប្តាហ៍នេះ ទីភ្នាក់ងារនេះបាននិយាយថា ទ្វីបនេះមានកម្រិតនៃការប្រើប្រាស់គ្រឿងស្រវឹងខ្ពស់បំផុតនៅទូទាំងពិភពលោក ដោយការផឹកស្រារួមចំណែកយ៉ាងសំខាន់ដល់ការស្លាប់មុនអាយុ និងរបួស។ របាយការណ៍នេះបាននិយាយថា ដោយផ្អែកលើទិន្នន័យឆ្នាំ ២០១៩ ជាឆ្នាំចុងក្រោយបំផុតដែលមាន ការស្លាប់ដោយសាររបួសជិត ១៤៥,០០០ នាក់នៅក្នុងតំបន់នេះគឺបណ្តាលមកពីគ្រឿងស្រវឹង។ ប្រភេទធំបំផុតគឺការធ្វើបាបខ្លួនឯង របួសផ្លូវ និងការដួល។

យោងតាមអង្គការនេះថា ការផឹកស្រាក៏ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអំពើហិង្សារវាងបុគ្គល រួមទាំងការវាយប្រហារ និងការរំលោភបំពានក្នុងគ្រួសារ ដោយកំណត់ថាវាជាកត្តារួមចំណែកដ៏សំខាន់ចំពោះការស្លាប់ដោយសាររបួសដោយហិង្សានៅទូទាំងតំបន់។

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា  យុវជនប្រឈមមុខនឹងហានិភ័យជាក់លាក់ ដោយគ្រឿងស្រវឹងប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងការសម្រេចចិត្តក្នុងវ័យជំទង់ និងវ័យពេញវ័យដំបូង។ ការផឹកស្រាអាចធ្វើឲ្យខូចការចងចាំ និងសមត្ថភាពរៀនសូត្រ ក៏ដូចជាបង្កើនហានិភ័យនៃគ្រោះថ្នាក់រយៈពេលវែង រួមទាំងជំងឺប្រើប្រាស់គ្រឿងស្រវឹង និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងៗទៀត។  ក្នុងចំណោមក្មេងជំទង់ និងមនុស្សពេញវ័យវ័យក្មេង គ្រឿងស្រវឹងនៅតែជាកត្តាហានិភ័យឈានមុខគេសម្រាប់ពិការភាព ទាក់ទងនឹងរបួស និងការស្លាប់មុនអាយុ។

លោកស្រី Carina Ferreira-Borges ទីប្រឹក្សាតំបន់សម្រាប់គ្រឿងស្រវឹង គ្រឿងញៀនខុសច្បាប់ និងសុខភាពពន្ធនាគារនៅអង្គការសុខភាពពិភពលោក និងអឺរ៉ុប បានមានប្រសាសន៍ថា គ្រឿងស្រវឹងគឺជាសារធាតុពុលដែលមិនត្រឹមតែបង្កជំងឺមហារីកចំនួនប្រាំពីរប្រភេទ និងជំងឺមិនឆ្លងផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចដល់ការវិនិច្ឆ័យ និងការគ្រប់គ្រងខ្លួនឯង បន្ថយពេលវេលាប្រតិកម្ម កាត់បន្ថយការសម្របសម្រួល និងលើកកម្ពស់ឥរិយាបថទទួលយកហានិភ័យ ។ នេះជាមូលហេតុដែលវាត្រូវបានជាប់ពាក់ព័ន្ធនឹងរបួសដែលអាចការពារបាន និងការស្លាប់ដោយសាររបួសជាច្រើន៕

Most Popular

To Top