ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតនាយកប្រតិបត្តិបវរកញ្ញាចក្រវាឡ លោកស្រី Jakkaphong Anne Jakrajutatip អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន JKN Global Group ត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំលើសំណុំរឿងក្លែងបន្លំដែលពាក់ព័ន្ធនឹងប្រាក់ចំនួន៣០ លានបាត(ប្រហែល ៩៣០,000ដុល្លារអាមេរិក)។
នេះបើយោងតាម Khaosod English បានចេញផ្សាយថា នៅថ្ងៃសុក្រ តុលាការស្រុកព្រះខ័នតៃ បានរកឃើញថា ទាំងលោកស្រី Jakrajutatip និង JKN Global Group មានទោសពីបទក្លែងបន្លំក្នុងនាមជាអ្នកសមគំនិតក្រោមច្បាប់ព្រហ្មទណ្ឌថៃ ។ ក្រុមហ៊ុននេះត្រូវបានពិន័យជាប្រាក់ចំនួន ៤០,០០០ បាត ខណៈលោកស្រី Jakrajutatip ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំដោយគ្មានការលើកលែងទោស។
នេះបើយោងតាម South China Morning Post បាននិយាយថា លោកស្រី Jakrajutatip មិនបានចូលរួមសវនាការទេ។ លោកស្រីត្រូវបានគេជឿថាបានប្តូរប្រាក់ប្រហែល ៦ ពាន់លានបាតទៅជារូបិយប័ណ្ណគ្រីបតូ ហើយបានភៀសខ្លួនចេញពីប្រទេសថៃ ត្រូវបានគេរាយការណ៍ថា ដោយមានជំនួយពីអតីតដៃគូអាជីវកម្មគឺ Cantu។ ឥឡូវនេះលោកស្រីត្រូវបានគេគិតថាកំពុងរស់នៅអាមេរិកខាងត្បូង ។
ដើមបណ្តឹង លោកវេជ្ជបណ្ឌិត Raviwat Maschamadol បានចោទប្រកាន់ចុងចោទពីបទបោកប្រាស់គាត់តាមរយៈការតំណាងមិនពិត និងការលាក់បាំងការពិតជាក់ស្តែង។ ចន្លោះថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៣ ពួកគេត្រូវបានចោទប្រកាន់ថាបានផ្តល់ព័ត៌មានបំភាន់ និងលាក់បាំងព័ត៌មានលម្អិតអំពីការលំបាកផ្នែកហិរញ្ញវត្ថុរបស់ JKN ដើម្បីបញ្ចុះបញ្ចូលគាត់ឱ្យវិនិយោគលើមូលបត្របំណុលរបស់ក្រុមហ៊ុន ទោះបីជាដឹងថាក្រុមហ៊ុនមិនអាចបំពេញកាតព្វកិច្ចសងប្រាក់វិញក៏ដោយ។
តុលាការបានសម្រេចថា ពួកគេបានកេងប្រវ័ញ្ចប្រាក់ចំនួន៣០ លានបាតពីដើមបណ្តឹងតាមរយៈសកម្មភាពបោកប្រាស់។ នៅថ្ងៃទី ២៥ ខែវិច្ឆិកា តុលាការបានចេញដីកាចាប់ខ្លួន លោកស្រី Anne បន្ទាប់ពីនាងមិនបានបង្ហាញខ្លួននៅតុលាការព្រហ្មទណ្ឌភាគខាងត្បូងទីក្រុងបាងកក។ តុលាការបានបន្តថា អវត្តមានរបស់នាងគឺជាការប៉ុនប៉ងគេចវេះយុត្តិធម៌។
លោកស្រី Anne អាយុ ៤៦ ឆ្នាំ គឺជាអ្នកជំនួញស្ត្រីប្តូរភេទដ៏លេចធ្លោម្នាក់នៅប្រទេសថៃ និងជាអតីតនាយកប្រតិបត្តិនៃ JKN Global Group។ Forbes បានចាត់ថ្នាក់នាងជាអ្នកប្តូរភេទដែលមានជាងគេបំផុតទីបីរបស់ពិភពលោកកាលឆ្នាំ២០២០ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ២១០ លានដុល្លារអាមេរិក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ JKN បានប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុ នាំឲ្យមានជម្លោះ និងបណ្តឹងជាច្រើនដែលពាក់ព័ន្ធនឹងលោកស្រី Anne។ លោកស្រីបានលាលែងពីតំណែងជានាយកប្រតិបត្តិនៃ Miss Universe នៅថ្ងៃទី ២០ ខែមិថុនា៕
