តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានបាញ់បង្ហោះផ្កាយរណបផលិតក្នុងស្រុកចំនួន ៣ ដោយជោគជ័យទៅកាន់លំហ អាកាសសម្រាប់កសិកម្ម និងការស្រាវជ្រាវបរិស្ថាន ពីកន្លែងបាញ់បង្ហោះរបស់រុស្ស៊ី ដែលជាលើកទី៧ ហើយដែលប្រទេសនេះ បានប្រើប្រាស់រ៉ុក្កែតរុស្ស៊ី សម្រាប់ការដាក់ពង្រាយ ផ្កាយរណប របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។
ផ្កាយរណបចាប់សញ្ញាពីចម្ងាយ Zafar-2, Paya និង Kowsar-1.5 ត្រូវបានបាញ់បង្ហោះចូលទៅក្នុងគន្លងផែនដីទាប ៥០០គីឡូម៉ែត្រពីលើផែនដីដោយរ៉ុក្កែត Soyuz-2.1b ពី Vostochny Cosmodrome នៅភាគខាងកើតប្រទេសរុស្ស៊ី នេះបើយោងតាម IRNA។
រ៉ុក្កែតរុស្ស៊ី ដែលបានបាញ់បង្ហោះនៅម៉ោង ១៦ និង ៤៨ម៉ោងនៅទីក្រុងតេអេរ៉ង់ ក៏បានដឹកផ្កាយរណបចំនួន ៤៩គ្រាប់ផ្សេងទៀតផងដែរ រួមទាំងផ្កាយរណបសង្កេតផែនដីអុបទិករបស់រុស្ស៊ី Aist-2T មួយគូ។
លោក Hassan Salarieh ប្រធានទីភ្នាក់ងារអវកាសអ៊ីរ៉ង់ បានឧ្យដឹងថា ការបាញ់បង្ហោះនេះ “ឆ្លុះបញ្ចាំងពីវិសាលភាពនៃការពង្រីកកម្មវិធីអវកាសរបស់អ៊ីរ៉ង់ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់អ្នកដើរតួថ្មីៗនៅក្នុងវិស័យនេះ”។
IRNA បានចុះផ្សាយថា ផលិតដោយក្រុមហ៊ុន Iran Electronics Industries ផ្កាយរណប Paya ត្រូវបានចាត់ទុកថាជាផ្កាយរណបរូបភាពទំនើបបំផុតមួយរបស់អ៊ីរ៉ង់រហូតមកដល់បច្ចុប្បន្ន និងជាផ្កាយរណបក្នុងស្រុកធ្ងន់បំផុតរបស់ប្រទេស។
ដោយមានទម្ងន់ប្រហែល ១៥០គីឡូក្រាម វាប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនគុណភាពបង្ហាញរូបភាព ហើយត្រូវបានគេរំពឹងថានឹងគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ការត្រួតពិនិត្យបរិស្ថាន និងការធ្វើផែនទីភូមិសាស្ត្រ៕
ប្រែសម្រួល ឈូក បូរ៉ា
