កីឡា

លោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ៖ ការប្រកួតនេះ ក្នុងគោលបំណង ដើម្បីបំផុសដល់ស្រទាប់មហាជន សិស្ស-និស្សិត នៅតាម រាជធានី-ខេត្ត លើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាព របស់កីឡាករ-កីឡាការិនី

ភ្នំពេញ ៖ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និង លោក ដួង មាសចំរើន អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់ សហព័ន្ធលើកទី៤ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៦ នៅសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

លោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងដើម្បីបំផុសដល់ស្រទាប់មហាជន សិស្ស-និស្សិតនៅតាម រាជធានី-ខេត្ត លើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់ សមត្ថភាពរបស់កីឡាករ-កីឡាការិនី ។ សហព័ន្ធបានធ្វើផែនការ យុទ្ធសាស្ត្រដូចជាបំផុសស្មារតី និងបណ្តុះបណ្តាលបច្ចេកទេសគ្រូ បន្ថែមនៅតាមគ្រឹះស្ថានសិក្សានានា ត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួត និងបញ្ចូនកីឡាករ កីឡាការិនី និង គ្រូមួយចំនួន ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន និងកីឡាករ កីឡាការិនីថ្នាល ចូលហ្វឹកហាត់ដើម្បីត្រៀមកីឡា យុវជនអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះ នាឆ្នាំ២០៣១ ។

ឆ្លៀតក្នុងឱកាសនេះ ប្រធានលោកសូមផ្ដាំផ្ញើដល់កីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី កុំភ្លេចហ្វឹកហាត់បន្ត ទៀត រីឯអ្នក មិនទាន់ទទួល បានជ័យជម្នះ ត្រូវខិតខំហ្វឹកហាត់ទ្វេដង ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតខាង មុខទៀត ។ ការអភិវឌ្ឍន៍ វិស័យកីឡាវាយកូនឃ្លីលើតុយើង ក៏ត្រូវតែបន្តការហ្វឹកហាត់ និងត្រៀមប្រកួតជាលក្ខណៈ ជាតិ និងអន្តរជាតិនានា ។

លោក ហេង សុខជាតិ អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា ការរៀបចំការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ លើកទី៤ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវាសន្តិភាព នៅកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៦ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា មានសមាគម និងក្លិបកីឡាវាយកូនឃ្លីលើតុកម្ពុជាចំនួន ១៧ មានកីឡាករ-កីឡាការិនីចំនួនជិត ១០០ នាក់ ។

រួមមានក្លិបកីឡាវាយកូនឃ្លីលើតុ រដ្ឋាសភាសែនជ័យ ក្លិបកីឡាវាយកូនឃ្លីលើតុ ៥៩៨ ក្លិបកីឡាវាយកូនឃ្លីលើតុ លី វីរៈ ក្លិបកីឡាវាយកូនឃ្លីលើតុ ខេត្តរតនគិរី ក្លិបកីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ ក្លិបកីឡាវាយកូនឃ្លីលើតុ វិទ្យាល័យ ជាស៊ីម សាមគ្គី ក្លិបកីឡាវាយកូនឃ្លីលើតុ ហាវ៉ៃអូឡាំពិក ក្លិបកីឡាវាយកូនឃ្លីលើតុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្លិបកីឡាវាយកូនឃ្លីលើតុ ក្រសួងការពារជាតិ សមាគមខ្មែរ-ចិន ត្រកូលជា នៅកម្ពុជា ក្លិបកីឡាវាយកូនឃ្លីលើតុ H.W 001 ក្លិបកីឡាវាយកូនឃ្លីលើតុ អនុវិទ្យាល័យ ពោធិចិនតុង ក្លិបកីឡាវាយកូនឃ្លីលើតុ USA ក្លិបកីឡាវាយកូនឃ្លីលើតុ វេស្ទឡាញសន្ធរម៉ុក និងក្លិបកីឡាវាយកូនឃ្លីលើតុ CL Company ។

ការប្រកួតនេះមាន ៧ វិញ្ញាសា រួមមានវិញ្ញាសា ក្រុមបុរស ក១ វិញ្ញាសា គូបុរស ក១ វិញ្ញាសា ឯកត្តជនបុរស ក១ វិញ្ញាសា ឯកត្តជននារី ក១ វិញ្ញាសា ក្រុមយុវជន ក២ (អាយុក្រោម ១៥ឆ្នាំ) វិញ្ញាសា គូយុវជន ក២ (អាយុក្រោម ១៥ឆ្នាំ) និងវិញ្ញាសា ឯកត្តជនយុវជន ក២ ( អាយុក្រោម ១៥ឆ្នាំ)៕

Most Popular

To Top