ឥណ្ឌូនេស៊ី៖ នេះបើយោងតាមទីភ្នាក់ងារជួយសង្គ្រោះរបស់ប្រទេស បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីនាថ្ងៃទី ២៩ ខែធ្នូ បានរកឃើញសាកសពមួយនៅពេលស្វែងរកគ្រូបង្វឹកបាល់ទាត់អេស្ប៉ាញ Fernando Martin និងកូនៗរបស់គាត់ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅជិតឆ្នេរសមុទ្រនៃកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅថ្ងៃទី ២៦ ខែធ្នូ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា លោក Martin ជាគ្រូបង្វឹកម្នាក់របស់ក្លឹបអេស្ប៉ាញ Valencia CF និងកូន ៣ នាក់របស់គាត់បានស្លាប់ក្នុងគ្រោះថ្នាក់ទូកដ៏សោកនាដកម្មនៅប្រទេសឥណ្ឌូនេស៊ី។
អាជ្ញាធរបានបន្តថា ទូកដែលលោក Martin និងក្រុមគ្រួសាររបស់គាត់បានលិចនៅថ្ងៃទី ២៦ ខែធ្នូ បន្ទាប់ពីមានបញ្ហាម៉ាស៊ីនក្នុងអំឡុងពេលអាកាសធាតុអាក្រក់នៅច្រកសមុទ្រកោះ Padar ជិតទីក្រុងរមណីយដ្ឋាន Labuan Bajo។ ទីតាំងនេះស្ថិតនៅជិតឧទ្យានជាតិ Komodo ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាកន្លែងដែលនាគ Komodo ដ៏កម្ររស់នៅ។
លោក Fathur Rahman ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងស្រុក បាននិយាយថា ពួកគេបានរកឃើញសាកសពស្ត្រីម្នាក់ ត្រូវបានសង្ស័យយ៉ាងខ្លាំងថា ជាជនរងគ្រោះនៃគ្រោះថ្នាក់នេះ។ លោកបានបន្ថែមថា អាជ្ញាធរកំពុងព្យាយាមស្វែងរកអត្តសញ្ញាណ។ លោក Fathur បានបន្ថែមថា ការស្វែងរកសាកសពរបស់លោក Martin និងកូនៗរបស់គាត់នៅតែបន្ត ទោះបីជាមានចរន្តទឹកខ្លាំង និងរលកខ្ពស់ៗក៏ដោយ ដោយបន្ថែមថា ការស្វែងរកសាកសពរបស់លោក Martin ក៏នឹងបន្តរហូតដល់ថ្ងៃទី ៣០ ខែធ្នូផងដែរ។
ភរិយា និងកូនស្រីម្នាក់របស់លោក Martin ក៏ដូចជាសមាជិកនាវិក ៤ នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ បានរួចផុតពីគ្រោះថ្នាក់នេះ។ ទូកនេះដឹកមនុស្ស ១១ នាក់។
ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃទី 28 ខែធ្នូថា ប្រទេសឥណ្ឌូនេស៊ីបានដាក់បម្រាមជាបណ្តោះអាសន្នលើទូកទេសចរណ៍ដែលធ្វើដំណើរក្នុងដែនទឹកនៃកោះ Labuan Bajo និងកោះ Komodo៕
