កូរ៉េខាងត្បូង៖ទិន្នន័យផ្លូវការបានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ថា តម្រូវការលើពិភពលោកកើនឡើង សម្រាប់ឧបករណ៍អេឡិចត្រូនិក ដែលជំរុញដោយការរីកចម្រើននៃបញ្ញាសិប្បនិម្មិត “AI” និងបន្ទះឈីប បានធ្វើឲ្យការនាំចេញ របស់កូរ៉េខាងត្បូង ឈានដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មាននៅឆ្នាំ ២០២៥ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម ទីក្រុងសេអ៊ូលបាននិយាយថា ការនាំចេញសរុបកាលពីឆ្នាំមុនមានតម្លៃជាង ៧០០ ពាន់លានដុល្លារអាមេរិក កើនឡើង ៣,៨ ភាគរយពីឆ្នាំមុន។
នេះបើយោងតាមក្រសួង បានបញ្ជាក់ថា ការកើនឡើងនៃការចាប់អារម្មណ៍ទូទាំងពិភពលោកលើបញ្ញាសិប្បនិម្មិត បានធ្វើឲ្យការនាំចេញ ឧស្សាហកម្មឧបករណ៍អេឡិចត្រូនិក ឈានដល់ ១៧៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ជាកំណត់ត្រាខ្ពស់បំផុត និងកើនឡើងជាង ២០ ភាគរយ ពីឆ្នាំមុន ។ ពួកគេបានបន្ថែមថា បន្ទះឈីបអង្គចងចាំដែលមានតម្លៃខ្ពស់ ដែលប្រើប្រាស់ក្នុងមជ្ឈមណ្ឌលទិន្នន័យ AI មានតម្រូវការខ្លាំង។
ការនាំចេញឧបករណ៍អេឡិចត្រូនិក កាលខែធ្នូតែមួយបានកើនឡើងជាង ៤០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានបង្ហាញពីការកើនឡើងសម្រាប់ខែទី ១០ ជាប់ៗគ្នា និងជាតួលេខប្រចាំខែខ្ពស់បំផុតដែលមិនធ្លាប់មាន ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsu ng Electronics គឺជាក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំកំពូលមួយ របស់ពិភពលោក ផ្តល់នូវសមាសធាតុសំខាន់ៗសម្រាប់ឧស្សាហកម្ម AI និងហេដ្ឋារចនាសម្ព័ន្ធដែលខ្លួនពឹងផ្អែក ។
ប្រទេសនេះក៏ជាជម្រក របស់ក្រុមហ៊ុន SK hynix ជាក្រុមហ៊ុនសំខាន់មួយទៀតនៅលើទីផ្សារឧបករណ៍អេឡិចត្រូនិកសកល។ ហើយប្រធានាធិបតី កូរ៉េខាងត្បូង Lee Jae Myung បានសន្យាថានឹងចំណាយ ៣ ដងលើ AI នៅឆ្នាំនេះ ហើយចលនាមួយ ដែលមានគោលបំណងជំរុញ ប្រទេសនេះឲ្យចូលទៅក្នុងចំណាត់ថ្នាក់ នៃមហាអំណាច AI កំពូលទាំង៣របស់ពិភពលោកនៅពីក្រោយអាមេរិក និងចិន។
រថយន្ត ដែលជាការនាំចេញសំខាន់ផ្សេងទៀតរបស់កូរ៉េខាងត្បូង ក៏បានដំណើរការយ៉ាងខ្លាំងផងដែរ ដោយការដឹកជញ្ជូនរថយន្តកើនឡើងដល់ ៧២ ពាន់លានដុល្លារជាកម្រិតខ្ពស់បំផុត ដែលមិនធ្លាប់មាន ទោះបីជាមានសម្ពាធពន្ធគយ របស់សហរដ្ឋអាមេរិកក៏ដោយ។
វិស័យផ្សេងទៀតដូចជាកសិកម្ម និងគ្រឿងសំអាងក៏បានកត់ត្រាតួលេខខ្ពស់បំផុត មិនធ្លាប់មានរបស់ពួកគេត្រូវបានជំរុញដោយការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសកលលោកចំពោះមហាអំណាច វប្បធម៌ប៉ុបរបស់ប្រទេស ផលិតផលអាហារ និងសម្ផស្សរបស់ខ្លួន៕
