ហូឡង់៖យោងតាមការ ចេញផ្សាយពីគេហទំព័រ Daily Mail បានប្រាប់ឲ្យដឹងថា បន្ទាប់ពីអស់រយៈជាង ៧០ ឆ្នាំ អ្នកវិទ្យាសាស្ត្រម្នាក់ បានបកស្រាយអក្សរសម្ងាត់ នៃសំណេរមួយក្នុងចំណោមសំណេរជាច្រើន សម្រាប់អក្សរសម្ងាត់សម័យបុរាណចុងក្រោយបង្អស់ លើសាត្រាស្លឹករឹតបង្ហាញតំបន់ Dead Sea ដែលមានអាយុកាល២,០០០ ឆ្នាំមកហើយ។
រកឃើញនេះផ្តោតលើអ្វីដែលហៅថា សាត្រាស្លឹករឹត Cryptic B ជាបំណែកទី ២ ដែលខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានស្លាក 4Q362 និង 4Q363 ត្រូវបានចាត់ទុកថា មិនអាចមើលបានជាយូរមកហើយ ដោយសារតែពួកវាប្រើអក្សរបុរាណ មិនធ្លាប់មើលអស់ពេលរាប់រយឆ្នាំមកហើយ។
អ្នកស្រាវជ្រាវ លោក Emmanuel Oliveiro មកពីសាកលវិទ្យាល័យ Groningen ប្រទេសហូឡង់ បានកំណត់ថា និមិត្តសញ្ញាអាថ៌កំបាំងនីមួយៗ ត្រូវគ្នានឹងអក្សរជាភាសាហេព្រើរជាប់លាប់។ នៅពេលអាចបកស្រាយអក្សរសម្ងាត់បានហើយ យើងអាចបំណែកទាំងនោះបានបង្ហាញឃ្លា និងប្រធានបទព្រះគម្ពីរដែលធ្លាប់ស្គាល់អំពីទីបញ្ចប់នៃថ្ងៃ រួមទាំងការវិនិច្ឆ័យដ៏ទេវភាព ការយាងមករបស់ព្រះមេស្ស៊ី និងវាសនាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ។
ក្នុងចំណោមឃ្លាទាំងនោះមានពាក្យ Yisrael (មានន័យថា ‘អ៊ីស្រាអែល’) រួមជាមួយនឹងឯកសារយោងអំពីយូដា យ៉ាកុប និងអេឡូហ៊ីម (មានន័យថា ព្រះ)។ សាត្រាស្លឹករឹតទាំងនេះត្រូវបានផលិតដោយ Qumran ជានិកាយជ្វីហ្វមួយ ដែលរស់នៅជិតតំបន់ Dead Sea ជាង ២,០០០ឆ្នាំមុន។ ត្រូវបានគេស្គាល់ថា ជាអ្នកថែរក្សាអត្ថបទសាសនា សំណេររបស់សហគមន៍ Qumran បានបំភ្លឺអំពីជំនឿជ្វីហ្វដំបូងៗ ការអនុវត្តពិធីសាសនា និងប្រពៃណីព្យាករណ៍។
សាត្រាស្លឹករឹត Dead Sea ត្រូវបានរកឃើញក្នុងរូងភ្នំក្បែរ តំបន់ West Bank រវាងឆ្នាំ ១៩៤៧ និង១៩៥៦ រួមមានសាត្រាស្លឹករឹតព្រះគម្ពីរ ចំណាស់ជាងគេមួយចំនួន នៅសេសសល់ ដែលសរសេរជាភាសាហេព្រើរ អារ៉ាមិច និងពេលខ្លះជាភាសាក្រិច។
ខណៈCryptic A ត្រូវបានបកស្រាយអក្សរសម្ងាត់ដោយជោគជ័យនៅឆ្នាំ ១៩៥៥ Cryptic B នៅតែជាអាថ៌កំបាំងអស់រយៈពេលជាច្រើនទសវត្សរ៍។ និមិត្តសញ្ញាចម្លែករបស់វា ការសរសេរដោយដៃមិនស៊ីសង្វាក់គ្នា និងបំណែកតូចៗដែលនៅសេសសល់ធ្វើឲ្យវាពិបាកបកស្រាយអក្សរសម្ងាត់ខ្លាំងណាស់៕
