កីឡា

កីឡាករអេឡិចត្រូនិក “Esports” ថៃសារភាពថា លោកបានលេងហ្គេម Esports ក្នុងការប្រកួត SEA Games ក្រោមឈ្មោះ Tokyogurl

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ុន្មានសប្តាហ៍បន្ទាប់ពីរឿងអាស្រូវបន្លំការប្រកួតហ្គេមអេឡិចត្រូនិកជាមួយក្រុមអេឡិចត្រូនិកវៀតណាម បានលេចចេញរូបភាពក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី ៣៣ កីឡាករអេឡិចត្រូនិកថៃម្នាក់បានសារភាពថា លោកជាអ្នកដែលបានប្រកួតក្រោមឈ្មោះ Tokyogurl ។

ហេតុការណ៍នេះពាក់ព័ន្ធនឹងកីឡាការិនីអេឡិចត្រូនិកថៃ Wasarin Naraphat ត្រូវបានគេស្គាល់តាមអ៊ីនធើណេតថា នាង Tokyogurl ក្នុងអំឡុងពេលចាញ់ថៃ ០-៣ ទល់នឹងវៀតណាមនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥។ ក្រោយមកអ្នកស៊ើបអង្កេតបានកំណត់ថា កម្មវិធីភាគីទី៣គ្មានការអនុញ្ញាតត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ឲ្យមនុស្សម្នាក់ទៀតចូល និងលេងពីចម្ងាយជំនួសនាង ដែលនាំឲ្យ Tokyogurl ត្រូវបានដកសិទ្ធិចេញពីការប្រកួត។

នៅល្ងាចថ្ងៃទី ២ ខែមករា កីឡាករអេឡិចត្រូនិកថៃ លោក Cheerio ត្រូវបានគេស្គាល់ថា Kong បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមTikTok ដោយទទួលស្គាល់ថា គាត់ជាអ្នកដែលបានលេងជំនួសនាង។ គាត់បាននិយាយថា គាត់សោកស្តាយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់គាត់ ទទួលយកការរិះគន់ និងផលវិបាកទាំងអស់ ហើយបានសុំទោសដល់សាធារណជន មន្ត្រីអេឡិចត្រូនិកថៃ និងកីឡាករស្ត្រីដែលបានបាត់បង់ឱកាសប្រកួតប្រជែង។

លោក Cheerio បានពណ៌នាអំពីការសម្រេចចិត្តរបស់គាត់ថា ជាការអាត្មានិយម ហើយបាននិយាយថា វាបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃក្នុងវិស័យកីឡាអេឡិចត្រូនិក។ ការសារភាពរបស់គាត់បានកើតឡើង ១៨ ថ្ងៃបន្ទាប់ពីការប្រកួត ដោយកីឡាកររូបនេះបាននិយាយថា ទំហំនៃប្រតិកម្មជាសាធារណៈដំបូងបានធ្វើឲ្យគាត់មិនប្រាកដថាត្រូវឆ្លើយតបយ៉ាងដូចម្តេច៕

Most Popular

To Top