ភ្នំពេញ ៖ បន្ទាប់ពីដំណើរការប្រកួត យ៉ាងស្វិតស្វាញរយៈពេល ៧ ថ្ងៃសម្រាប់ការ ប្រកួតកីឡាអេឡិចត្រូនិក ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ បានបញ្ចប់ជាផ្លូវការ នាយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា T.Y Media Esports Center រាជធានីភ្នំពេញ ដោយមានការអញ្ជើញ ចូលរួមប្រគល់ជ័យលាភី ពីសំណាក់ លោក ដួង មាសចំរើន អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ការប្រកួតកីឡាអេឡិចត្រូនិក ជើងឯកថ្នាក់ជាតិ ឆ្នាំនេះមានចំនួន ៤វិញ្ញាសា គឺ eFootball Mobile, eFootball Console, Valorant និង Mobile Legends: Bang Bang។ ដោយវិញ្ញាសា eFootball Mobile មានកីឡាករចំនួន ១២៦១នាក់ ចូលរួមប្រកួត វិញ្ញាសា eFootball Console មានកីឡាករ ១២៥នាក់ បានចូលរួមប្រកួត វិញ្ញាសា Valorant មាន១៩ក្រុមចូលរួម ស្មើកីឡាករ ១១៤នាក់ វិញ្ញាសា Mobile Legends: Bang Bang មាន ៣៣៥ក្រុម ស្មើកីឡាករ ១៨៧៥នាក់ បានចូលរួមប្រកួត ។

ចំពោះជ័យលាភីលើវិញ្ញាសាទាំង៤នេះ រួមមាន៖ វិញ្ញាសា eFootball Mobile ចំណាត់ថ្នាក់លេខ១ កីឡាករ តាង វិសាល ទទួលបានពាន មេដាយមាស ប្រាក់រង្វាន់ ២លានរៀល លេខ២ កីឡាករ ថា ឆេងឡាយ ទទួលបាន មេដាយប្រាក់ និងប្រាក់រង្វាន់ ១លាន ២សែនរៀល លេខ៣ កីឡាករ វុទ្ធសិរី សម្បត្តិឧត្តម ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ៨សែនរៀល និងលេខ៤ ទទួលបាន ៤សែនរៀល។

វិញ្ញាសា eFootball Console លេខ១ កីឡាករ តាំង គីមស៊ុង ទទួលបាន ពាន មេដាយមាស និងប្រាក់រង្វាន់ ២លានរៀល លេខ២ កីឡាករ ផាន វិសិទ្ធ មេដាយប្រាក់ អមដោយប្រាក់រង្វាន់ ១លាន ២សែនរៀល លេខ៣ កីឡាករ សុខ ច័ន្ទឌីណា មេដាយសំរឹទ្ធ ប្រាក់រង្វាន់ ៨សែនរៀល ខណៈលេខ៤ ៤សែនរៀល។ វិញ្ញាសា Valorant លេខ១ ក្រុម Galaxy Reign ទទួលបានពាន មេដាយមាស អមដោយប្រាក់រង្វាន់ ៦លានរៀល លេខ២ ក្រុម Team CallMe ទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ៤លានរៀល លេខ៣ ក្រុម 24Kittens ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ២លានរៀល ខណៈលេខ៤ ១លានរៀល។

ចំពោះវិញ្ញាសា Mobile Legends: Bang Bang លេខ១ ក្រុម Pro Esports ពាន មេដាយមាស អមដោយប្រាក់រង្វាន់ ៦លានរៀលរៀល លេខ២ ក្រុម Duck Rice esports ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៤លានរៀល លេខ៣ ក្រុម Valhalla មេដាយសំរឹទ្ធ អមដោយប្រាក់រង្វាន់ ២លានរៀល ខណៈលេខ៤ ១លានរៀល។

លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានគូសបញ្ជាក់ថា ជាយុទ្ធសាស្រ្ត នៅក្នុងការប្រកួតជើង ឯកថ្នាក់ជាតិ រដូវកាលថ្មីនេះ គឺការបង្កើនចំនួនកីឡាករជាតិឲ្យបានច្រើន និងបង្កើនសិទ្ធផល របស់កីឡាករ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិនានា នាពេលខាងមុខ ។ ឆ្នាំនេះ សហព័ន្ធបានរៀបចំការ ប្រកួតលើវិញ្ញាសាចំនួន៤ ហើយជាការកត់សម្គាល់ គឺគុណភាពបច្ចេកទេស របស់កីឡាករយើងកើនឡើងច្រើន ។

លោកអគ្គលេខាធិការបន្ថែមថា តាមរយៈការរកឃើញធនធាន កីឡាករឆ្នើមៗប្រចាំឆ្នាំ២០២៥នេះ សហព័ន្ធក៏នឹងជ្រើសរើសកីឡាករល្អៗ ច្របាច់បញ្ចូលគ្នាឱ្យ ទៅជាក្រុមជម្រើសជាតិ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតអន្តរជាតិ កម្រិតអាស៊ាន និងអាស៊ីផង ហើយនៅឆ្នាំក្រោយនេះ ក៏មានការប្រកួតច្រើន ក្នុងនោះក៏មានការប្រកួតកីឡាអាស៊ី ដែលមានប្រភេទកីឡា អេឡិចត្រូនិកនេះផងដែរ៕


