ភ្នំពេញ ៖ នាពេលថ្មីៗនេះ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក បានដឹកនាំពិភាក្សា ស្តីពីការពិនិត្យវឌ្ឍនភាព រៀបចំអភិវឌ្ឍន៍ ផែនការហ្វឹកហាត់ និងកម្មវិធីប្រកួត ប្រចាំឆ្នាំ២០២៦ របស់សហព័ន្ធខ្មែរ កីឡាហែលទឹក ហើយក៍បាន ពិភាក្សាអំពីចំនុចខ្លាំង ចំណុចខ្សោយរបស់ឆ្នាំចាស់ ត្រៀមសម្រាប់ការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិ ក្រុមកីឡាថ្នាល លើប្រភេទ កីឡាហែលទឹក កីឡាហែលទឹកពាក់ជើងទា និងក្រុមកីឡាបាល់ទឹក សម្រាប់ឆ្នាំថ្មី ដោយមានការចូលរួមពីសមាសភាព លោកប្រធានគ្រូបង្វឹក លោកគ្រូ អ្នកគ្រូ និងជំនួយការគ្រូបង្វឹក របស់សហព័ន្ធខ្មែរកីឡាហែលទឹក នៅទីស្នាក់ការសហព័ន្ធ ខ្មែរកីឡាហែលទឹក ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សិក្ខាសាលា ស្តីពីការពិនិត្យវឌ្ឍនភាព រៀបចំអភិវឌ្ឍន៍ផែនការសកម្មភាពហ្វឹកហាត់នេះ ធ្វើឡើងដើម្បីវាយតម្លៃផែនការ សកម្មភាពហ្វឹកហាត់ ឆ្នាំ២០២៥របស់គ្រូបង្វឹក របស់សហព័ន្ធ ពីការរីកចម្រើន និងបញ្ហាប្រឈមមុន ដើម្បីរៀបចំផែនការបំពេញ បន្ថែមនូវចំណុចខ្វះខាត តាមប្រភេទកីឡានីមួយៗ ប្រភេទកីឡាហែលទឹក កីឡាហែលទឹកពាក់ជើងទា និងក្រុមកីឡាបាល់ទឹកសម្រាប់ឆ្នាំថ្មី ។

លោក អគ្គលេខាធិការ បានបន្តថា យើងត្រូវគ្រូបង្វឹក ដាក់ផែនការ នេះជាយុទ្ធសាស្រ្តថ្មីមួយទៀត សម្រាប់សហព័ន្ធខ្មែរ កីឡាហែលទឹក ដើម្បីឲ្យទទួលបានលទ្ធផលល្អប្រសើរឆ្នាំ២០២៦នេះ សម្រាប់ក្រុមជម្រើសជាតិ និងក្រុមកីឡាថ្នាល។ មួយទៀតចំណុចសំខាន់នោះ រូបលោកនឹង ពិនិត្យបន្ថែម ចំណុចណាល្អយកមក ចំណែកចំណុចណាខ្វះខាត យើងត្រូវបំពេញបន្ថែម សកម្មភាពនេះក្នុងការតាមដានសកម្មភាពគ្រូបង្វឹកមិនឲ្យគាត់ធ្វើអ្វីតាមតែចិត្តឡើយ។
សិក្ខាសាលាស្តីពីការ ពិនិត្យវឌ្ឍនភាព រៀបចំអភិវឌ្ឍន៍នេះ ក្រោមពីធ្វើជាមួយគ្រូបង្វឹកហើយ សហព័ន្ធនឹងធ្វើជាមួយ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និង ក្រុមកីឡាករ-កីឡាការិនីថ្នាលទៀត ដើម្បីពិនិត្យការហ្វឹកហាត់ របស់ពួកគាត់ទំាងបច្ចេកទេស និងសមត្ថភាព ៕





